ឯកឧត្ដមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរ៉ូវ៉ាន់ដា និងហ្គីណេ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ​ឆ្នាំ២០១៨ –ឯកឧត្ដមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបពិភាក្សាការងារជាមួយលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិ បត្តិការ និងសហគមន៍អាហ្វ្រិកបូព៌ានៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និង ឯកឧត្ដម ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្ត្រីការទេសនៃសាធារណរដ្ឋហ្គីណេ ក្នុងដំណើទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ព្រះរាជា ណាក្រ​​កម្ពុជា។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នេះ លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការ និងគមន៍ អាហ្វ្រិកបូព៌ានៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និង ឯកឧត្ដម ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្ត្រីការបរទេសនៃសាធា រណរដ្ឋហ្គីណេ នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្ដមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះនឹងផ្ដោតលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអង្គការក្រុមប្រទេសនិយាយភាសាបារាំង និងការស្វែងរកការគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពលោកជំទាវ  ល្វីស មុស៊ីគីវ៉ាបូ ជាអគ្គលេខាធិការអង្គការក្រុមប្រទេស​និ​យាភាសាបារាំង ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ ១២ ខែតុលា ឆ្នាំ២០១៨ ខាងមុខ នៅប្រទេសអាមេនី។

លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ និង ឯកឧត្ដម ម៉ាម៉ាឌី ទូរ៉េ កំពុងបំពេញទស្សនកិច្ចនៅក្នុង​​ប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិន ដូចជា ប្រទេសកម្ពុជា ឡាវ និង ប្រទេសវៀត ណាម ដើម្បីស្វែងរកការគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការអង្គការនៃក្រុមប្រទេស និយាយភាសាបារាំង៕

ដោយជឹម ណារី