មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យប្រជាពលរដ្ឋការពារសុខភាពខណៈជំងឺគ្រុនឈាមកំពុងបន្តកើនឡើង

AKP កំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ –មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានបបញ្ជូនមន្ត្រីជំនាញសុខាភិបាលចុះជាប់ជាប្រចាំដល់មូលដ្ឋានដែលទទួលរងគ្រោះដោយទឹកជំនន់កន្លងមក​ និងតំបន់ដាច់ស្រយាលដែលងាយរងគ្រោះដោយជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺគ្រុនឈាម ដើម្បីពន្យល់និងបង្ហាញពីរបៀបការពារសុខភាពដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកាចសាហាវទាំងនោះ។

លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រាប់AKPឱ្យដឹងនៅថ្ងៃពុធ ១២រោច​ ខែទុតិយាសាឍ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី0៨ ខែសីហា ឆ្នាំ២០១៨ថា ដោយមើលឃើញពីអត្រាជំងឺគ្រុនឈាមបន្តកើនឡើងអត់ឈប់ឈរនារដូវភ្លៀងនេះ ទើបមន្ទីរសុខាភិបាលខេត្តបានបញ្ជូនមន្ត្រីជំនាញរោគរាតត្បាតឱ្យចុះជាប្រចាំដល់មូលដ្ឋាន ដើម្បីជំរុញឱ្យមន្ត្រីសុខាភិបាលមូលដ្ឋានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់ភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដែលបង្កឡើងដោយភ្នាក់ងារចម្លមូសខ្លាហើយមូសខ្លានេះកើតឡើងតាមរយៈការដក់ទឹកមិនមានក្លិននៅតាមពាង អាងទឹក ឬ វត្ថុ   ផ្សេងៗដែលអាចដក់ទឹកបាន

លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន បានបញ្ជាក់ថា ការងារកម្ចាត់ភ្នាក់ងារចម្លងជំងឺគ្រុនឈាមនេះ វាមិនមែនជាភារកិច្ចរបស់មន្ទីរសុខាភិបាលតែម្នាក់ឯងនោះទេ។ មន្ទីរសុខាភិបាលមានតួនាទីបង្ហាញពីវិធានការទប់ស្កាត់បញ្ហានេះតែប៉ុណ្ណោះ ប៉ុន្តែអ្នកអនុវត្តន៍ផ្ទាល់គឺប្រជាពលរដ្ឋនៅតាមលំនៅឋាននីមួយៗ ជាអ្នកទទួលខុសត្រូវក្នុងនោះប្រជាពលរដ្ឋត្រូវលុបបំបាត់កុំឱ្យមានដង្កូវទឹកនៅក្នុងពាងទឹក អាងទឹក ត្រូវលាងអាងទឹក ពាងទឹក ឱ្យបាន១ទៅ២ដងក្នុង ១សប្តាហ៍ និងលុបបំបាត់ ឬដុតកម្ទេចចោលនូវរាល់វត្ថុដែលអាចដក់ទឹកបាន ពោលគឺធ្វើយ៉ាងណាត្រូវសម្អាតនៅតាមទីធ្លាលំនៅឋានរបស់ខ្លួនឱ្យបានស្អាតកុំឱ្យកើតមានមូសគ្រប់ប្រភេទ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ មានករណីជំងឺគ្រុនឈាមចំនួន ៥.២៨៤ករណី ស្មើនឹងអត្រា អាំស៊ីដង់ចំនួន ៣១,៧ភារយ ក្នុងចំណោម​ ១០០ពាន់នាក់។ ក្នុងនេះមាន ៨០ភាគរយនៃចំនួនករណីសរុបមាននៅរាជធានី ភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ធំ កំពង់ស្ពឺ កំពង់ចាម ព្រៃវែង បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រះវិហារ និងខេត្តក្រចេះ។

របាយការណ៍ដដែលនេះក៏បានបង្ហាញថា ចំនួន .២៨៤ករណីនេះបើប្រៀបធៀបនឹង  រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ឃើញថាមានការកើនឡើងចំនួន ៣.៧០៤ករណី ខណៈ    រយៈពេល៦ខែឆ្នាំ២០១៧មានករណីគ្រុនឈាមចំនួនតែ ១.៥៨០ករណីប៉ុណ្ណោះ។ ចំណែកករណីស្លាប់វិញក្នុងរយៈពេល៦ខែឆ្នាំ២០១៨មានករណីស្លាប់ចំនួន ១០ករណី ស្មើនឹងអត្រា ស្លាប់ ០,២ភាគរយ ខណៈ៦ខែឆ្នាំ២០១៧កន្លងទៅមានចំនួន តែ១ករណីប៉ុណ្ណោះគឺស្មើនឹង ០,០៦ភាគរយ៕

ដោយ លឹម សាន្ត