ក្រសួងធនធានទឹកអំពាវនាវដល់អ្នកនេសាទនិងអ្នកធ្វើដំណើរតាមផ្លូវសមុទ្រត្រូវប្រយ័ត្នខ្ពស់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ហុក សុខរិន រូបថត លោក ចន ណារិទ្ធ៖ក្រសួងធនធានទឹក និង ឧតុនិយម បានប្រកាស ដល់ប្រជាពលរដ្ឋ ជាពិសេស ដល់អ្នកនេសាទ និង អ្នកធ្វើដំណើរ តាមសមុទ្រ ទាំងអស់ ត្រូវបង្កើនការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បី ជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗទាំងឡាយ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។

តាមការព្យាករ អាកាសធាតុរបស់ក្រសួងធនធានទឹក និង ឧតុនិយមដែលបានចេញផ្សាយថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅតាមតំបន់មាត់សមុទ្រ ពិសេស ខេត្តកោះកុង និង ខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ ជោគជាំ ច្រើនថ្ងៃបន្ថែមទៀត។ នៅលើលំហសមុទ្រមានភ្លៀង-ខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់។

ការបង្កអោយតំបន់ឆ្នេរនិងតំបន់មួយចំនួនទៀតក្នុងប្រទេសកម្ពុជាមានភ្លៀង និងខ្យល់បោកបកខ្លំាងនេះ គឺបណ្តាលមកពី ឥទ្ធិពលសម្ពាធទាបសសកម្ម បានរំកិលខ្លួនឆ្ពោះ ទៅរកកោះហៃណាំ ហើយវិវត្តន៍ជាកូនព្យុះ ស្ថិតនៅចន្លោះកោះហៃណាំនិងហុងកុង។ ក្នុងអំឡុងជាមួយគ្នានេះ ខ្យល់មូលសុងនីរតី និងបង្កើនឥទ្ធិពលខ្លំាងមកលើតំបន់ឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា

ការព្យាករណ៍ បានឲ្យដឹងទៀតថានៅតំបន់ខ្ពង់រាប និង បណ្តាខេត្តស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមអាចនឹងមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន រហូតដល់ចុងសប្តាហ៍។ រីឯនៅរាជធានី-ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ៕