ជំនន់ទឹកភ្លៀងហូរចេញពីតំបន់ព្រៃឡង់បណ្តាលឱ្យលិចភូមិចំនួន២ ក្នុងស្រុករវៀង

AKP ព្រះវិហារ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ –ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិបង្កន និងភូមិស្រែ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងប្រឈមបញ្ហាជំនន់ទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នា ហូរចេញពីតំបន់ព្រៃឡង់កាលពីថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច​សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨

លោក សាយ ដេត អធិការនគរបាលស្រុករវៀង បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ រស់នៅភូមិបង្កន និងភូមិស្រែ ឃុំរៀបរយ ស្រុករវៀង បានរងគ្រោះដោយ ជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យទឹកអូរហក់ឡើងខ្លាំង ធ្វើឱ្យលិចផ្ទះ និងផ្លូវនានាក្នុងភូមិ លិចផលដំណាំ ស្រែ ចម្ការ ហើយប្រជាពលរដ្ឋដែលរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយសង្រ្គោះរកទីទួលសុវត្ថិភាពរួចហើយ។

លោកអធិការស្រុក បានឱ្យដឹងទៀតថា ទឹកអូរដែលបណ្តាលឱ្យជន់លិចភូមិរបស់ប្រជាពលរដ្ឋនេះ គឺបណ្តាលមកពីមានភ្លៀងខ្លាំងនៅតំបន់ព្រៃឡង់ មិនមែនបណ្តាលមកពីទឹកស្ទឹងសែននោះទេ ដូច្នេះបើសិនជាមិនមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ព្រៃឡង់ទេ ក៏ទឹកអូរមិនឡើងជន់លិចភូមិប្រជាពលរដ្ឋបែបនេះឡើយ។ លោកក៏បានបញ្ជាក់ទៀតថា គិតត្រឹមមកដល់ពេលនេះទឹកចាប់ផ្តើមស្រកបន្តិចម្តងៗហើយ  លោកបានដឹកនាំកម្លាំងចុះទៅប្រចាំការ នៅទីនោះដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋ បើមេឃនៅតែបន្តធ្លាក់ភ្លៀងទៀត៕

ដោយ ទិត ស៊្រ