កម្ពុជាគ្រោងរៀបចំពិព័រណ៌ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ លើកទី៦ នៅពាក់កណ្តាលខែកញ្ញានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន ៖

កម្ពុជាគ្រោងរៀបចំពិព័រណ៌ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ លើកទី៦ នឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ ដើម្បីជួយលើស្ទួយវិស័យ ទេសចរណ៍ជាតិអោយកាន់តែរីកចំរើន។

ពិព័រណ៌ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ច (CAMFOOD CAMHOTEL២០១៨)នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័ណ៌កោះពេជ្រ។

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៨ ខែសីហានេះ លោកលូ ម៉េងប្រធានសហពន្ធ័ ទេសចរណ៍កម្ពុជាបានឲ្យដឹងថា ការរៀបចំពិព័ណ៌នេះឡើងដើម្បីជាប្រភពសំខាន់ដល់អ្នកពាក់ព័ន្ធក្នុងវិស័យបដិសណ្ឋារកិច្ចនិងសេវាកម្មម្ហូបអាហារ បានបង្ហាញពីផលិតផលថ្មីៗរបស់ ខ្លួន។ជាមួយគ្នានេះវាក៏ជាឱកាសសម្រាប់ក្រុមហ៊ុនអ្នកចែកចាយចំណីអាហារនិងភេសជ្ជៈក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ ដើម្បីបង្កើតឱកាសវិនិយោគជាមួយក្រុមហ៊ុនផលិតកម្មផ្សេងទៀតនៅកម្ពុជា។

លោកបន្តថា ភាពលេចធ្លោនៃពិព័ណ៌ប្រចាំឆ្នាំនេះ គឺតាមរយៈការប្រកួតប្រជែងចំនួន១០វិញ្ញា សារ ដែលរៀបចំដោយសហពន្ធ័ទេសចរណ៍កម្ពុជា ដូចជាផ្នែកបដិសណ្ឋារកិច្ច ជំនាញ ចំអិនអាហារ ជើងឯកឆុងការហ្វេ ក្រឡុកស្រា ការរៀបចំគ្រែ តុ ចាក់ស្រា និងរៀបចំផ្កាជាដើម។

សូមបញ្ជាក់ថា ពិព័ណ៌វិស័យម្ហូបអាហារភេសជ្ជៈ សណ្ឋាគារនិងភោជ្ជនីយដ្ឋានលំដាប់អន្តរ ជាតិមានការដាក់តំាងបង្ហាញផលិផល និងសេវាកម្មជាង៣៥០ក្រុមហ៊ុន ជាមួយនឹងម៉ាក់យីហោល្បីៗមកពី៣០ប្រទេស នៃតំបន់អាស៊ី ហើយរំពឹងថាព្រឹត្តិការណ៍នេះនឹងមានអ្នកចូល រួមជាង៨ពាន់នាក់៕