សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការជេរប្រមាថ និងការលាបពណ៌គ្នានៅតាមបណ្តាញសង្គម គឺជាការបញ្ឆេះភ្លើងសង្គ្រាមនៅក្នុងប្រទេស

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះ សំណាលជាមួយបងប្អូនកម្មករនិយោជិត ជិត២ម៉ឺននាក់ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០៨ ខែសីហា នេះ។ សម្តេចតេជោ បានបង្ហាញប្រតិកម្ម និងព្រួយបារម្ភចំពោះសកម្មភាពសកម្មជន និងក្រុមអ្នកគាំទ្ររបស់អតីតគណបក្សសង្គ្រោះជាតិ ដែលតែងតែជេរប្រមាថ និងលាបពណ៌ទៅលើអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សនយោបាយដទៃ អាចក្លាយទៅជាការបញ្ឆេះភ្លើងសង្គ្រាមនៅក្នុងប្រទេស និងការបែកបាក់របស់ជាតិ។សម្តេចតេជោ បញ្ជាក់ថា ការលេង Facebook នឹងមានប្រយោជន៍ប្រសិនបើប្រើវាត្រឹមត្រូវ តែវានឹងបង្កទុក្ខទោសផងដែរប្រសិនបើប្រើវាខុស។ សម្តេចតេជោ បន្ថែមថា អ្នកដែលចូលចិត្តជេរប្រមាថគេតាម Facebook បើគេចង់រកទីតាំងរបស់អ្នកងាយណាស់ ព្រោះប្រពន្ធ័បច្ចេកវិទ្យាបច្ចុប្បន្នវាទំនើប ដូច្នេះកុំប្រើ សិទ្ធិរបស់អ្នកឲ្យប៉ះពាល់សិទ្ធរបស់អ្នកដទៃ។