សម្តេចតេជោ នាយករដ្ឋមន្រ្តី ជឿជាក់ថា កម្ពុជានឹងសម្រេចបាន ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះ សំណាលជាមួយបងប្អូនកម្មករនិយោជិត ជិត២ម៉ឺននាក់ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០៨ ខែសីហា នេះ។ សម្តេចតេជោ បានបន្តថាកម្ពុជាពិតជាអាចសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ ដោយមានប្រទេសចិន និងជប៉ុន សន្យាចាំជួយកម្ពុជាជានិច្ច។សម្តេចតេជោ បន្ថែមថា កម្ពុជាបានខិតខំរំដោះខ្លួនពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានចក្ខុវិស័យតម្រង់ឆ្ពោះទៅរកប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០។សម្តេចតេជោ បញ្ជាក់ថា សម្តេចមាន ជំនឿបែបនេះ ព្រោះកាលពីពេលកន្លងទៅឯកឧត្តម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្ដីជប៉ុន បាននិយាយជាមួយសម្តេច ក្នុងពេលដែលសម្តេចទៅទស្សនកិច្ចកាលពីឆ្នាំទៅ ថាជប៉ុននឹងខិតខំជួយកម្ពុជា ដើម្បីសម្រេចនូវចក្ខុវិស័យ ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០។ ចំណែកឯប្រទេសចិនវិញ ឯកឧត្តម ស៊ី ជីនពីន ប្រធានាធិបតី ក៏ដូចជា ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្ដីរបស់ចិន ក៏បាននិយាយច្រើនលើកច្រើនសារ នូវការគាំទ្រទាំងឡាយ សម្រាប់កម្ពុជាឈានឡើង នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខ្លួនផងដែរ។