សម្តេចតេជោ នាយករដ្ឋមន្រ្តី ថ្លែងថា អាណត្តិថ្មី នេះជាអាណត្តិ នៃការធ្វើកំណែទម្រង់ ទាំងអស់ ដើម្បីធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ជិត២ម៉ឺននាក់ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៨ ខែសីហា នេះ។ សម្តេចតេជោ បានបន្តថាសន្តិភាពគឺត្រូវតែបន្តថែរក្សាគឺមិនអាចត្រឹមតែសម្តេច ម្នាក់ ឬថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ប៉ុន្មាននាក់គ្រប់គ្រាន់នោះទេ គឺត្រូវការប្រជាពលរដ្ឋទូទាំងប្រទេសចូលរួម។ សម្តេចតេជោ អំពាវនាវដល់ ភាគីពាក់ព័ន្ធទាំងអស់ធ្វើការសាមគ្គីភាព ជាមួយគ្នាបំពេញឲ្យគ្នាទៅវិញទៅមកចៀសវាងបង្កើតបញ្ហា។សម្តេចតេជោ បន្ថែមថា អាណត្តិថ្មីនេះបន្ទុកគណបក្ស ប្រជាជនកម្ពុជា កាន់តែច្រើនព្រោះប្រជាពលរដ្ឋ បានផ្ដល់ជំនឿ ទុកចិត្ត ដល់គណបក្ស ប្រជាជនកម្ពុជា រួចស្រេចទៅហើយនៅសល់តែយើង បន្តដោះស្រាយបញ្ហានិងបម្រើប្រជាពលរដ្ឋឲ្យបានល្អ។ដូច្នេះគ្រប់ថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន ត្រូវបន្តការងាររបស់ខ្លួនឲ្យបានល្អ ឲ្យសាកសមនឹងការផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។