ប៉ូលីសឆ្មក់ចូលឆែកឆេរ​ក្នុងក្រុមហ៊ុនកូរ៉េខាងត្បូងដែលអះអាងថាបានរកឃើញកប៉ាល់លិច​ពោពេញដោយមាស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (០៨.០៨.១៨)

កូរ៉េខាងត្បូង៖ ប៉ូលីសនៅក្នុងទីក្រុងសេអ៊ូលបានវាយឆ្មក់ចូលឆែកឆេរការិយាល័យរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង​មួយដែលអះអាងថាបានរកឃើញនាវាចម្បាំងរុស្ស៊ីមួយលិចក្នុងសមុទ្រជាមួយមាសតំលៃរាប់ពាន់លានដុល្លារ។

ក្រុមហ៊ុនកូរ៉េឈ្មោះ ស៊ីនីល ហ្គ្រុប (Shinil Group)​បានទាក់ទាញចំណាប់អារម្មណ៍ជាសកលនៅពេលដែលក្រុមហ៊ុននេះ
បានអះអាងកាលពីខែមុនថាបានរកឃើញនាវាចម្បាំងមានឈ្មោះ ឌីមីទ្រី ដន់ស្កូ (Dmitri Donskoii)
ជានាវាចម្បាំង ទំងន់ ៥.៨០០ តោនដែលបានលិចក្នុងបាតសមុទ្រកំឡុងពេលសង្គ្រាមនៅកោះស៊ូស៊ីម៉ា (Tsushima)ក្នុងឆ្នាំ ១៩០៥ ក្នុងដែនទឹករវាងកូរ៉េខាងត្បូងបច្ចុប្បន្ននិងជប៉ុន។

តាមរបាយការណ៍បានអះអាងថានៅក្នុងនាវានោះមានមាសតម្លៃលើសពី ១២៥
ពាន់លានដុល្លារដែលជាចំនួនដ៏គួរឱ្យភ្ញាក់ផ្អើល ។ បន្ទាប់មកក្រុមហ៊ុននេះ ​ បានបន្ទាបតំលៃចុះត្រឹម ៨,៩
ពាន់លានដុល្លារនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៦ ខែកក្កដា។

ការវាយឆ្មក់របស់ប៉ូលិសកាលពីព្រឹកថ្ងៃអង្គារបានធ្វើឡើងមិនដល់មួយសប្ដាហ៍បន្ទាប់ពីប៉ូលីសបានប្រាប់ទូរទស្សន៍ស៊ីអិនអិនថាពួកគេកំពុងស៊ើបអង្កេតក្រុមហ៊ុននេះពីបទសង្ស័យថាបានក្លែងបន្លំហើយបានហាមឃាត់មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនមិនឱ្យចាកចេញពីប្រទេស​​​ ។