កីឡាសីដក់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ រកឃើញក្រុមខ្លាំងៗឡើងទៅប្រកួត១/៤ ក្របខ័ណ្ឌក-១ បុរស៣នាក់ទល់៣នាក់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨–ក្រោយពីដំណើរការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ នៅវិមាន កីឡដ្ឋានជាតិរយៈពេល៣ថ្ងៃមកនេះ គណៈកម្មការបច្ចេកទេសបានរក ឃើញក្រុមខ្លាំងៗ ចំនួន៨ មកពីពូលទាំង៤ លើវិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកបុរស ក្របខ័ណ្ឌក១ ក្រោយពី បានប្រកួតយ៉ាងស្វិតស្វាញវគ្គសន្សំពិន្ទុវិលជុំ ក្នុងពូល កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ។

យោងគណៈកម្មការបច្ចេកទេសបានឱ្យដឹងថា ៨ក្រុមលើវិញ្ញាសា៣នាក់ទល់៣នាក់ បុរសក្របខ័ណ្ឌក១ រួមមាន៖ ពូលA ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាសីដក់ក្រសួង ការពារជាតិ, លេខ ២ ក្រុមដេអិន៣ ខណៈពូលB លេខ១ ក្រុមកងយោធពលខេមរភូមិន្ទ លេខ២ ក្រុមដេអិន២ រីឯពូលC លេខ១ ក្រសួងមហាផ្ទៃ លេខ២ ក្រុមដេអិន១ និងពូលD លេខ២ ក្រុមដេអិនA1 និងចំណាត់ថ្នាក់លេខ២ ដណ្តើមបានដោយយុវជន ខេមរា។
បន្ទាប់ពីការប្រកួតជម្រុះតាមពូល ក្រុមទាំង៨នឹងត្រូវប្រកួតខ្វែង ដើម្បីប្រជែងគ្នាឡើង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត ដោយក្រុមណាចាញ់ៗនឹងត្រូវធ្លាក់ចេញ ត្រូវវគ្គ ១/៤នេះហើយ។

ដោយឡែកវិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកបុរសដែរ ក្របខ័ណ្ឌក២ ក៏កំពុងប្រកួតជម្រុះយ៉ាង ស្វិតស្វាញដូចគ្នាផងដែរ ដែលវិញ្ញាសានេះមាន១២ក្រុម ក្នុងនោះ៤ក្រុមដែលបានឡើងរង់ ចាំរួចហើយ សម្រាប់វគ្គ១/៤ នេះដែរ រួមមានក្រុមកំពង់ហ្លួង បានលុង១ ទួលទំពួង២ និងក្រុមបានលុង២ ខណៈ៨ក្រុមផ្សេងទៀតកំពុងប្រកួត ជម្រុះស្វែងរក៤ក្រុមខ្លាំងៗឡើងមក ប្រកួតនៅវគ្គ១/៤នេះជាមួយគ្នា។

គួរបញ្ជាក់ថា ក្រៅពីវិញ្ញាសាទាំងពីរនេះក៏មានវិញ្ញាសាជាច្រើនទៀតផ្នែកបុរសនារី កំពុង ដំណើរការប្រ កួតយ៉ាងសកម្ម ដើម្បីឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតកីឡាសីដក់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះ មានកីឡាករ កីឡាការិនីសរុបចំនួន១៩២នាក់ មកពី១៤ក្លិបទូទាំងប្រទេស ក្នុងនោះមានកីឡាករចំនួន១៣៥ នាក់ និងការិនីចំនួន៥៧នាក់ បូករួមទាំងប្រតិភូ និងគ្រូបង្វឹកសរុបមានចំនួន២៣៨នាក់៕


ដោយ ហេង ណាលីន