រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ ការនាំចេញ​សម្លៀកបំពាក់ នៅក្នុង​ឆមាស​ទី​១ ​ឆ្នាំ២០១៨នេះ មាន​ចំនួន ៤.១៤៣​លាន​ដុល្លារ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨–រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអះអាងថា ការនាំចេញ​សម្លៀកបំពាក់ នៅក្នុង​ឆមាស​ទី​១ ​ឆ្នាំ២០១៨នេះ មាន​ចំនួន ៤.១៤៣​លាន​ដុល្លារ កើនឡើងប្រមាណ ១១​ភាគរយ​ ហើយ​ផលិត​ផល​​​កសិកម្ម​ មាន​ចំនួន ២៧២ លានដុល្លារ គឺបានកើនឡើង ៨ភាគរយ ខណៈ​ការនាំចេញ​ផ្សេងៗ ​មាន​ចំនួន ១.៣៧៩​ លាន​ដុល្លារ គឺបានកើនឡើង ១៤​ភាគរយ​។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយ បេក្ខជន បេក្ខនារី ជ័យលាភីកម្មវិធីអាហារូប ករណ៍អភិវឌ្ឍន៍ជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជប៉ុន ឆ្នាំ២០១៨-២០២០ កាល ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋ មន្រ្ដីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្នុង​រយៈពេល ​៦​ខែ​ ដើមឆ្នាំ​២០១៨នេះ ទំហំ​​ពាណិជ្ជកម្ម​របស់​កម្ពុជា​សម្រេចបាន១៣.៩៨៥​លាន​​​ដុល្លារ ក្នុងនោះ​ការនាំចេញ ​មាន​ចំនួន​ប្រមាណ ៥.៧៩៤​លាន​ដុល្លារ គឺកើនឡើង១១​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​​ដូចគ្នា​នៅ​ឆ្នាំមុន។ ចំណែកការនាំ​ចូល ​មាន​ចំនួន ៨.១៩១​លាន​ដុល្លារ គឺបានកើន ១០.៦​ភាគរយ​។ ​

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋា​ភិបាល​កម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលជា សេនាធិការ បានដាក់ចេញនូវគោលនយោបាយ​បើកចំហទីផ្សារ​សេរី និងបានធ្វើសមាហរ ណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក តាមរយៈការចូលជា​សមាជិក​អាស៊ាន និង សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) ព្រមទាំងសហគមន៍សេដ្ឋកិច្ចអាស៊ាន កាលពីចុងឆ្នាំ២០១៥។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា សមាហរណកម្ម​សេដ្ឋកិច្ច​នេះ បានបើក ច្រកទីផ្សារ នាំចេញកាន់តែទូលំទូលាយសម្រាប់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ MFN, GSP, និង EBA ផ្តល់ដោយ ប្រទេសចំនួន ៣២ នៅក្នុងពិភពលោក។

ជាមួយគ្នានេះ កំឡុងពេល ១ទសវត្សរ៍ចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបានប្រឹង ប្រែងយ៉ាងសកម្ម ក្នុងការលើក​កម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បី ធានាដល់ការលូតលាស់នៃវិស័យឯកជន ដែល​ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់​​កាលទីបី និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ NDSP ឆ្នាំ២០១៤-២០១៨។ ជាមួយការដាក់​ចេញនូវ​កម្មវិធីកំណែ ទម្រង់ផ្នែករដ្ឋបាល ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់​តម្លាភាព​សេវា​សាធារណៈ ព្រមទាំងគោលនយោបាយដ៏មានប្រសិទ្ធភាពជាច្រើន ទាក់ទងកិច្ចសម្រួលពាណិជ្ជកម្ម និង​ការ​ជំរុញ​វត្តមានផលិតផលខ្មែរ បានធ្វើឱ្យវិស័យពាណិជ្ជកម្មកម្ពុជា មានវឌ្ឍនភាពល្អប្រសើរ និងមាន​ទំហំ​កើន​ឡើងជាបន្តបន្ទាប់។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា កាលពីឆ្នាំ២០១៧ កន្លងទៅ ក្រសួងពាណិជ្ជកម្ម ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល សម្តេច​​​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍ទទួល​បន្ទុក​​​ពាណិជ្ជកម្ម នៅក្នុងទីក្រុងហ្សឺណែវ ប្រទេស ស្វីស ដើម្បីដឹកនាំ​ចរចារ​បៀប​វារៈ​ពាណិជ្ជ​កម្ម សំដៅ​ទាញ​យក​អត្ថប្រយោជន៍ផ្សេងៗ ជាពិសេសលុបបំបាត់​របាំងពាណិជ្ជកម្មមិនមែនពន្ធគយ សម្រាប់​ផលិត​​ផល​នាំចូល​ពី​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន ក្រសួងបាននឹងកំពុងចរចាកិច្ច​​​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី (FTA) និងកិច្ច​ព្រម​ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយ​ថ្នាក់​តំបន់​(RCEP) រវាងអាស៊ាន និង​ប្រទេស ​​​​ដៃ​គូ​ចំនួន ៦ទៀត ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជាឱ្យបានកាន់​តែ​ទូលំទូលាយ​ថែម​ទៀត​។

ឯកឧត្តមបានអះអាងទៀតថា ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងរៀបចំធ្វើបច្ចុប្បន្នភាព យុទ្ធសាស្ត្រសមាហរណ​កម្ម​កម្ពុជា(CTIS) ជំនាន់ទី៤ ឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណង ស្វែងរកនូវផលិតផលសក្តានុពលថ្មីៗ ដើម្បី​​អភិវឌ្ឍន៍ ខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មការ នាំចេញ ទៅកាន់គោលដៅទីផ្សារនានា។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក្រសួង​កំពុងអនុវត្តន៍គម្រោងជំរុញទីផ្សារ​សម្រាប់​កសិកម្មខ្នាតតូច ដើម្បីផ្សារភ្ជាប់​ផលិតផល​របស់​ប្រជា​កសិករ​ជាមួយនឹងទីផ្សារ ដោយ ផ្តោតសំខាន់លើផលិតផលចំនួន៥ រួមមាន ស្រូវ មាន់ស្រែ, បន្លែ, ដំឡូងមី និង​សូត្រ​ប្រណិត។ ទន្ទឹមគ្នានេះ ដើម្បីការពារអត្ថប្រយោជន៍វិស័យឯកជន និងអ្ន​កប្រើប្រាស់ ក្រសួង​បាន​នឹង​កំពុង​ខិតខំជំរុញលិខិតបទដ្ឋានគតិយុត្ត នៅក្រោមវិស័យពាណិជ្ជកម្ម​ដូចជា ច្បាប់ស្តីពី​ការ​ធ្វើ ពាណិជ្ជ​កម្ម​តាម​អេឡិច​ត្រូនិក (E-Commerce) ច្បាប់ស្តីពី កិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្តីពី ការប្រកួតប្រជែង និង​ច្បាប់ស្តីពី​សុវត្ថិភាព​​ម្ហូបអាហារ។ល។ ច្បាប់ទាំងអស់នេះ នឹងលើក ស្ទួយកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល​ នាពេល អនាគត។

សូមរម្លឹកថា កាលពីឆ្នាំ​២០១៧កន្លងទៅ ការនាំចេញ​របស់​កម្ពុ​ជា មានតម្លៃប្រមាណ ១១.២ប៊ី​លាន​ដុល្លារ គឺបានកើន​ឡើង ៩.២ភាគរយ ធៀប​នឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់ ១០.២​ប៊ី​លាន​ដុល្លារ​​។ រីឯ​ការនាំ​ចូល​មាន​ទំហំ ១៥.៥​ពាន់​​លាន​ដុល្លារ គឺបានកើន ៩.៨​ភាគរយ ធៀប​នឹង១៤.១​ពាន់​លាន​ដុល្លារ​។ ទន្ទឹមនេះ ផលិតផលនាំ​ចេញ​សំខាន់ៗ​ របស់​កម្ពុជា រួមមាន​ វាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបង្គុំអេឡិចត្រូនិក ទោចក្រ​​យានយន្ត ផលនេសាទ ជ័រកៅស៊ូ ឈើកែច្នៃ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែក​សៀង ម្រេច ផ្លែស្វាយស្រស់ ដូងប្រេង និងទំនិញកសិកម្មដទៃទៀត។ ដោយឡែក សម្រាប់ ទីផ្សារធំៗរបស់កម្ពុជារួមមាន សហគមន៍​អឺរ៉ុប អាម៉េរិក កាណាដា ជប៉ុន ចិន និងអាស៊ាន ជាដើម៕


ដោយ អ៊ុន រិទ្ធី