ទីក្រុងហូជីមិញកសាងទំនាក់ទំនងប្រកបដោយចីរភាពជាមួយសមាជិកអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ — បន្ទាប់ពីវៀតណាមបានក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាននៅ ឆ្នាំ)១៩៩៥ មក ទីក្រុងហូជីមិញបានរៀបចំសកម្មភាពដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងកិច្ចសហប្រតិបត្តិការការទូតជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលបានដើរតួនាទីដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងអាស៊ាន។
មជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងមួយនេះ គឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងបណ្តាប្រទេសនៅអាស៊ាន ដែលបានរៀបចំពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងព្រឹត្តិការណ៍វិនិយោគ និងទេសចរណ៍ នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី។ ទីក្រុងនេះបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ដោយមានការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសទាំងនោះ ដែលទទួលបានកំណើនសេដ្ឋកិច្ចថេរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

កាលពីខែមុន ពិធីតាំងពិព័រណ៍មួយត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងហូជីមិញ ដែលជាឱកាសមួយសម្រាប់ក្រុមហ៊ុនធុរកិច្ចនៅអាស៊ាន និងទីក្រុងនេះក្នុងការស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការដាក់តាំងបង្ហាញផលិតផលទៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមកផងដែរ។

ទីក្រុងហូជីមិញបានទាក់ទាញទុនវិនិយោគដ៏ច្រើនពីបណ្តាប្រទេសនៅអាស៊ាន ដែលគិតត្រឹមដំណាច់ឆ្នាំ២០១៧ ប្រទេសជាសមាជិកអាស៊ានបានចុះបញ្ជីប្រមាណជិត ១៦ប៊ីលានដុល្លារអាម៉េរិក សម្រាប់គម្រោងចំនួន១.៥០០ នៅក្នុងទីក្រុងនេះដោយក្នុងនោះ ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី ជាវិនិយោគិនបរទេសឈានមុខគេ។

ក្នុងនាមជាទីក្រុងធំបំផុតនៅក្នុងប្រទេសវៀតណាម និងជាមជ្ឈមណ្ឌលវប្បធម៌របស់ប្រទេសនេះ ទីក្រុងហូជីមិញក៏មានសកម្មភាពក្នុងការលើកកម្ពស់ទំនាក់ទំនងសង្គម និងវប្បធម៌ ជាមួយសមាជិកអាស៊ាន ដែលរួមចំណែកដល់ការកសាងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ។

ទីក្រុងនេះបានបង្កើតទំនាក់ទំនងមិត្តភាពជាមួយខេត្តក្រុងចំនួន ៦ នៅក្នុងបណ្តាប្រទេសនៅ អាស៊ាន ដែលរួមមានដូចជា ទីក្រុងម៉ានីល (ហ្វីលីពីន) រាជធានីភ្នំពេញ (កម្ពុជា) រដ្ឋធានីវៀងចន្ទន៍ (ឡាវ) ខេត្តចំប៉ាសាក់ (ឡាវ) ទីក្រុងយ៉ាងហ្គូន (មីយ៉ាន់ម៉ា) និងទីក្រុងបាងកក (ថៃ)៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)