កូរ៉េខាងត្បូងនឹងបញ្ជូនបេសកជនទៅកាន់ប្រទេសលីប៊ី​ សម្រាប់​​កិច្ចខិតខំប្រឹងប្រែងដោះលែងចំណាប់ខ្មាំង

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ — ប្រភពមន្ត្រីការទូតមួយរូបបាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងត្បូងគ្រោងនឹងបញ្ជូន​បេសកជនពិសេសមួយរូប​ទៅកាន់ប្រទេសលីប៊ី សម្រាប់ធ្វើកិច្ចពិគ្រោះយោបល់ស្តីអំពី​មធ្យោបាយ​នានាដើម្បីយកឈ្នះទៅនឹងការដោះលែងជនជាតិកូរ៉េខាងត្បូង​មួយរូប ដែលគេ​បាន​ចាប់ពង្រត់ដោយក្រុមប្រដាប់អាវុធដែលគេមិនស្គាល់អត្តសញ្ញាណនៅទីនោះ។
រដ្ឋមន្រ្តីការបរទេស លោកស្រី កាង​ គីយ៉ុង-វ៉ា នឹងបញ្ជូន លោក Baik Joo-hyeon អតីត​ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកាហ្សាក់ស្ថាននាពេលឆាប់ៗនេះ ទៅកាន់ប្រទេសអាហ្វ្រិក​ខាងជើងមួយនេះ ក្នុងឋានៈជាបេសកជនពិសេសរបស់លោកស្រី។

តាមពួកអាជ្ញាធរបានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូងម្នាក់ និងជនជាតិហ្វីលីពីនបីនាក់ ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង​កាលពីថ្ងៃទី០៦ ខែមិថុនាកន្លងទៅ នៅក្នុងការវាយប្រហារ​មួយ​ទៅលើកន្លែងគម្រោងទឹកស្អាតមួយ នៅក្នុងប្រទេសលីប៊ីភាគខាងលិច។

លោក Baik ធ្លាប់បានបម្រើការងារជាអគ្គនាយកទទួលបន្ទុកការិយាល័យកិច្ចការ​កុង​ស៊ុល​របស់ក្រសួងការបរទេសកាលពីដើមឆ្នាំ២០១០ នៅមុនពេលការងាររបស់គាត់ជាឯកអគ្គ​រដ្ឋទូត​ប្រចាំនៅប្រទេសកាហ្សាក់ស្ថាន។
លោកធ្លាប់បានគេប្រគល់ការងារក្នុងការដោះស្រាយការចាប់ពង្រត់បែបនេះ ចំនួន​ពីរ​ករណីកន្លងមកហើយ ទាក់ទងទៅនឹងអ្នកនេសាទត្រីកូរ៉េខាងត្បូងពីររូបកំពុងនេសាទត្រីនៅ​ក្បែ​ដែនទឹកប្រទេស សូម៉ាលី៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )