ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ខាងមុខ គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំលើកដំបូង

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា រូបថត លោក អ៊ូ កាណែល៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះ សំណាលជាមួយបងប្អូនកម្មករនិយោជិត ជិត២ម៉ឺននាក់ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៨ ខែសីហា នេះ។ សម្តេចតេជោ បានបញ្ជាក់ថា កាលពីម្សិលមិញសម្តេចបានចូលគាល់ព្រះមហាក្សត្រ ដើម្បីសុំកែប្រែថ្ងៃកោះ ប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាលថ្មី ដែលពីមុនយើង បានគ្រោងទុកការកោះប្រជុំសភាដំបូងនៅថ្ងៃទី១៩ ខែកញ្ញា និងព្រឹកថ្ងៃទី២០ខែកញ្ញានឹងបង្កើតរាជរដ្ឋាភិបាលថ្មី និងព្រឹកថ្ងៃទី២១ ខែកញ្ញា គណៈ រដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំលើកដំបូង។ ប៉ុន្តែក្រោយការពិគ្រោះ យោបល់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ គឺយើងអាចផ្លាស់ប្តូរពេលវេលា ដោយត្រូវបង្កើត រាជរដ្ឋាភិបាលមុនកាលបរិច្ឆេទ ដោយនៅព្រឹកថ្ងៃទី៥ ខែកញ្ញាសភានឹងកោះប្រជុំតាមរយៈព្រះមហាក្សត្រ ហើយល្ងាចថ្ងៃទី៥ ខែកញ្ញាគឺសភា នឹងចូលស្បថកាន់តំណែង និងនៅថ្ងៃទី៦ ខែកញ្ញានឹងបង្កើតក្បាលម៉ាស៊ីនរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលថ្មី នៅល្ងាចថ្ងៃដដែលនឹងស្បថចូលកាន់តំណែង ដល់ព្រឹកថ្ងៃទី៧ ខែកញ្ញា គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំលើកដំបូង របស់ ខ្លួន។សម្តេចតេជោ បានបញ្ជាក់បែបនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងទាំងអស់គ្នា ជាពិសេស ក្រុមបណ្ឌិតដែលមិនយល់ពីច្បាប់ ហើយចូលចិត្តបកស្រាយខុសពីការ ពិត។