វិមានឈ្នះ ឈ្នះសាងសង់បានជាង៨០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ -បើមិនមានការប្រែលប្រួលទេនោះ ​វិមាន​ឈ្នះ ឈ្នះ នឹងសម្ពោធជាផ្លូវនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។  ​វិមាន​ឈ្នះ ឈ្នះ ជា​និមិត្តរូប​នៃ​សុខ​សន្តិភាព​របស់កម្ពុជា ​ហើយ​បាន​និងកំពុង​​សាងសង់ នៅ​ខណ្ឌ​ជ្រោង​ចង្វា ​រាជធានី​ភ្នំពេញ​ គ្រោង​នឹង​សម្ពោធជា​ផ្លូវការ​នៅ​ ចំ​​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​​ពិធី​ខួប​ ២០​ឆ្នាំ​នៃ​គោលនយោបាយ ​ឈ្នះ ឈ្នះ​ ឆ្នាំ​១៩៩៨-​​២០១៨។

គណៈកម្មការ​សាងសង់បានឱ្យដឹងនៅថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ​ឆ្នាំច ​សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ថា  ​​រហូត​មក​ដល់​ពេលនេះ វិមាន​ឈ្នះ ឈ្នះ​ ដែល​តំណាង​ឱ្យ​សន្តិភាព​នៅ​កម្ពុជា ​បាន​សាងសង់​ផ្នែក​តួ​បាន​ចំនួន​ជាង​ ៨០​ភាគរយ​ហើយ​ ​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការនៅ ចុង ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​ក្រោម​អធិ​បតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ​​អនុប្រធាន គណៈកម្មការ​សាងសង់​បានមានប្រសាសន៍ថា​ រូបចម្លាក់​សម្រាប់​ដាក់​តាំង​នៅក្នុង​វិមាន​នេះ​គឺ​បាន​ឆ្លាក់ ​រួចរាល់​ហើយ​ដែល​នៅ​តាម​ជញ្ជាំង​ជាន់​ផ្ទាល់​ដី ​ជុំវិញ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ ​ដែល​រូបចម្លាក់​នេះ ​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល​ ពត ថ្ងៃទី​២០​ ខែមិថុនា ​ឆ្នាំ​១៩៧៧​ របស់​សម​មិត្ត ​ហ៊ុន សែន ​និង​សម​មិត្ត​មួយ​ចំនួនទៀត​ទៅកាន់​ប្រទេស​វៀតណាម​ ដើម្បី​សង្គ្រោះ​ជាតិ​កម្ពុជា​។ ​ ក្រៅពីនេះក៏មាន​រូបចម្លាក់​ជាច្រើន​ទៀត ​ដែល​នឹងត្រូវ​ឆ្លាក់​ដាក់​នៅ​លើ​វិមាន​ឈ្នះ ​ឈ្នះ​ ដូចជា ​រូបចម្លាក់​ហង្ស រូប​គ្រុឌ និង ​រូប​ដំរី​ក្បាល​បី ​បន្ទាប់ពី​រូប​នាគ​ និង​រូប​តោ​ ត្រូវ​បាន​ដាក់​ជា​បន្តបន្ទាប់​នៅ​លើ​វិមាន​ឈ្នះ​ ឈ្នះ​នេះ​៕

ដោយ ណយ នឿន