វិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា-ចិនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ គ្រោងនឹងបើកថ្នាក់បណ្ដុះបណ្ដាលបច្ចេកទេសដល់កម្មករ កម្មការិនី នៅខែកញ្ញាខាងមុខនេះ

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ -លោក Wu Changing ប្រធានការិយាល័យផ្នែកធនធានមនុស្ស និងសុវត្ថិភាពសង្គម ទីក្រុងអ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនមានប្រសាសន៍ថា ដោយមានការគាំទ្ររវាងរដ្ឋាភិបាល ចិន និងរាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថានពហុបច្ចេកវិទ្យាចិន- កម្ពុជា ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ គ្រោងនឹងបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កម្មករ នៅខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។  នេះជាការបញ្ជាក់ ដែលគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ  នារសៀលថ្ងៃអង្គារ ១១រោច ខែទុតិយា សាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ ។
លោកបានបន្តថា ក្នុងដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វិទ្យាស្ថាននៅខ្វះគ្រូ និងសៀវភៅសិក្សា លោកនឹងជំរុញឱ្យបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈនៅខែកញ្ញាខាងមុខនេះ ។ ដោយមើលឃើញនូវការខ្វះខាតធនធានមនុស្សសម្រាប់បម្រើការងារនៅតាមរោងចក្រ សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទើបទីក្រុងអ៊ូស៊ី សហការជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសនឹងបើកថ្នាក់បណ្ដុះបណ្ដាលជំនាញបច្ចេកទេសជូនដល់កម្មករ កម្មការិនី ដើម្បីមានជំនាញច្បាស់លាស់ បម្រើតាមតម្រូវការងារនៅក្នុងរោងចក្រ សហគ្រាសដែលត្រូវការអភិវឌ្ឍនូវធនធានមនុស្ស និងជំនាញបច្ចេកទេស ខណ: ដែលរោងចក្រ សហគ្រាសមានការកើនឡើងជាបន្តបន្ទាប់ ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានរោងចក្រ សហគ្រាសចំនួន ១២៥ ដែលមានកម្មករ កម្មការិនីជាង ២១.០០០នាក់ កំពុងខ្វះនូវធនធានមនុស្សផ្នែកកុំព្យូទ័រ គណនេយ្យ និងផ្នែករដ្ឋបាលជាដើម ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ស្វាគមន៍គណៈប្រតិភូទីក្រុងអ៊ូស៊ី ដែលបានមកទស្សនកិច្ចសិក្សាស្រាវជ្រាវវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា-ចិន ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការគាំទ្រពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងខេត្តព្រះសីហនុ។ បច្ចុប្បន្នខេត្តព្រះសីហនុនៅខ្វះធនធានមនុស្សបម្រើការងារក្នុងវិស័យផ្សេងៗនៅក្នុងរោងចក្រ យើងជ្រើសរើសធនធានមនុស្សមកពី បណ្តាខេត្តផ្សេងៗ ។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណគណៈប្រតិភូ ដែលមានគម្រោងជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើឱ្យការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ហើយ សង្ឃឹមថា នៅពេលខាងមុខបញ្ហាធនធានមនុស្សលែងជាបញ្ហាចោទសម្រាប់រោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុទៀតហើយ ៕

ដោយ ងូ សុមុនី