កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យជួយច្រូតស្រូវប្រជាកសិករស្រុកមង្គលបូរី ដែលកំពុងលិចលង់ដោយជំនន់ទឹកភ្លៀង

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០១៨ -កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានចុះជួយច្រូតស្រូវស្រាលបង្កើនរដូវរបស់​ប្រជាកសិករ ដែលកំពុងលិចលង់ដោយ​សារជំនន់ទឹកភ្លៀងខណៈគ្រោះធម្មជាតិមួយនេះ បានបំផ្លាញស្រូវទុំប្រជាកសិករជិត ២.០០០ហិកតា ស្ថិតនៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

កាល​ពីថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០១៨ លោកឧត្តមសេនីយ៍ទោ ​អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយ មានជ័យ បានដឹកនាំកងកម្លាំងនគរបាលជាង៦០០នាក់ ចុះច្រូតស្រូវទុំរបស់ប្រជាកសិករ ដែលកំពុងលិចលង់នៅភូមិក្រមល់ ឃុំរហាត់ទឹក ជាតំបន់រងគ្រោះធ្ងន់ជាងគេនោះ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយ មានជ័យ ឱ្យចុះជួយជាបន្ទាន់ដល់កសិករដែលកំពុងជួបការរងគ្រោះ លោកបានដឹកនាំកម្លាំង នគរបាលចម្រុះជួយច្រូតស្រូវទុំដែលបាននិងកំពុងលិចលង់ទឹកដើម្បីចូលរួមជួយដោះស្រាយបានមួយចំណែករាល់ការលំបាករបស់ប្រជាកសិករដែលកំពុងប្រឹងប្រែងច្រូតកាត់ប្រមូលផលស្រូវលិចលង់ទឹកនេះដែលកន្លែងខ្លះបានលេចកម្ពស់រហូតជាង១ម៉ែត្រអស់រយៈពេល១០ថ្ងៃ មក​ហើយនេះ។ ​

​          លោក យឹម ប៊ុនរ៉ុម ​ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាន ប្រាប់ឱ្យដឹងថា បញ្ហាជំនន់ទឹកភ្លៀងជន់លិចស្រូវក្នុងស្រុកមង្គលបូរី តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដែល​រហូតមកដល់រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ​២០១៨នេះទឹកបានស្រកចុះបន្តិច​ហើយដោយសារ​តែប៉ុន្មានថ្ងៃនេះគ្មានភ្លៀង​។

លោក យឹម ប៊ុនរ៉ុម បានឱ្យដឹងដែរថា កន្លងមកនេះអាជ្ញាធរ និងមន្ទីរធនធានទឹកបាន ប្រឹងប្រែងចុះជួយអន្តរាគមន៍តាមគ្រប់រូបភាពមានការបើកទ្វារទឹកតាមប្រឡាយមេដើម្បីរំដោះទឹកចេញ។ យក​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ​ចំនួន០​២​គ្រឿង ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​​​និងមានម៉ាស៊ីនបូមទឹកចូលរួមពីប្រជាកសិករក្នុងមូលដ្ឋានមួយចំនួនទៀត បានបូម​រំដោះទឹក​នៅ​ចំណុច​ប្រឡាយ​មិត្តភាព​ទម្លាក់​ទៅក្រោយ​ហើយ​ខេត្ត​និង​មន្ទីរ​ជំនាញ​​​ក៏ជួប​ក្រុមហ៊ុន​កសាង​ផ្លូវជាតិលេខ៥សុំបើកមុខទឹកចំណុចស្ពានក្រឡ ដើម្បីរំដោះទឹកបញ្ចៀសការលិចស្រូវស្រាល​ដែល​កំពុង​ទុំនេះ​។​​

​          លោក រ័ត្ន ដា​ស៊ីណ​ង់ អភិបាលស្រុក​មង្គល​បូរី​បាន​ប្រាប់ឱ្យដឹងដែរថា ​នៅ​ស្រុក​មង្គល​​​បូរីឃុំ​ដែល​រង​ផលប៉ះពាល់​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប​​ដែល​កំពុង​លេច​ទឹក​​​មាននៅ​​​ឃុំ​រហាត់ទឹក ​ប៉ះពាល់​លិច​អស់​​​ជិត​ ២.០០០​ហិកតា​ និង​ប្រមូលផល​មុន​ទឹក​លេច​បាន​ជាង​ ៤០០​ហិក​តា ​​ឃុំ​ចំណោម ​ប៉ះពាល់​ប្រមាណ ​៣០០​ហិកតា ​ប្រមូល​ផល​បាន​មុន​បាន ​៥០​ហិក​តា ​​​ឃុំ​បត់​ត្រង់ ប៉ះពាល់​​​​ប្រមាណ ​៥០០​ហិក​តា​៕

ដោយឈុន សារ៉ាត