កម្ពុជា-កូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការមូលបត្រលើក្របខ័ណ្ឌបច្ចេកទេស

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨–គណៈកម្មការមូលបត្រកម្ពុជានិងសាជីវកម្មហិរញ្ញប្បទានមូលបត្រកូរ៉េបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការគណៈកម្មការមូលបត្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការមូលបត្រកម្ពុជាបានឱ្យដឹងថា គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើនកិច្ច សហប្រតិបត្តិការក្នុងក្របខ័ណ្ឌបច្ចេកទេស ពង្រឹងនូវចំណងទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មាន ពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍នានា ពាក់ព័ន្ធនឹងការអភិវឌ្ឍទីផ្សារមូលបត្រ ឱ្យកាន់តែមានយន្តការច្បាស់លាស់។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា សាជីវកម្មហិរញ្ញប្បទាន មូលបត្រកូរ៉េ ជាសហគ្រាសរដ្ឋដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ និងជាសាជីវកម្មហិរញ្ញ ប្បទានមូលបត្រតែមួយគត់ ដែលគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ បានផ្តល់ការទទួលស្គាល់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុច្រើនប្រភេទ ដល់ក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុ ដូចជា កម្ចីដាក់បញ្ចាំមូលបត្រ ការគ្រប់គ្រងបញ្ញើរបស់វិនិ យោគិន និងការឱ្យខ្ចីមូលបត្រ ជាដើម។

សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូល រួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃគណៈកម្មការមូលបត្រកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនៃផ្សារមូលបត្រកម្ពុជា និងនាយកប្រចាំប្រទេសរបស់
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងវិស័យ មូលបត្រ៕

ដោយ គង់ សិរីរ័ត្ន