មន្ទីរវប្បធម៌ខេត្តបាត់ដំបងបើកការដ្ឋានអភិរក្ស និងសង្រ្គោះបឋមចម្លាក់ នៅប្រាសាទស្នឹង

AKP បាត់ដំបង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨–មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានរៀបចំពិធីក្រុង ពាលីបើកការដ្ឋាន អភិរក្ស និងសង្រ្គោះបឋម ចម្លាក់នៅប្រាសាទស្នឹង ដែលទទួលរងការខូចខាត។ ពិធីនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានបញ្ជាក់ ថា​ ក្រោយពីធ្វើការសិក្សាពីសំណាក់មន្ត្រីជំនាញរួចមមក មន្ទីរចាប់ផ្ដើមរៀបចំពិធីក្រុងពាលី ដើម្បីបើកការដ្ឋានអភិរក្ស និងសង្រ្គោះបឋមចម្លាក់ ប្រាសាទស្នឹង ដើម្បីចូលរួមថែរក្សាការ ពារសម្បត្ដិវប្បធម៌របស់ជាតិ។ លោកស្រីបានបន្ដថា នេះគឺ ជាការចូលថែទាំ រូបចម្លាក់នៅ ប្រាសាទស្នឹងដែលកំពុងរងគ្រោះទាមទារឱ្យមានការជួយសង្គ្រោះបន្ទាន់។

មន្រ្ដីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ផ្អែកទៅលើសិលាចារឹក និងវត្ថុធាតុនៃស្ថាបត្យកម្មរបស់ប្រាសាទដទៃទៀត និង ប្រាសាទស្នឹងសង់ឡើងនៅសតវត្ស ទី១០នៃ គ.ស ប៉ុន្ដែប្រាសាទនេះ ត្រូវដួលរលំ ហើយគេសង់ឡើងវិញម្ដងទៀតនៅសតវត្សទី ១១ នៃ គ.ស ឬក៏អាចនិយាយបានថា នៅសតវត្សទី១០ នៃគ.ស គេសង់មិនទាន់ហើយ លុះដល់សតវត្សទី១១ នៃគ.ស ក៏បន្ដសង់បង្ហើយតែម្ដង៕

ដោយ ណយ នឿន​