ស្រូវជាង១ម៉ឺនហិកតា នៅខេត្តបាត់ដំបង បានទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ ៖ ធីណា ឌីណេ ៖
មន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុង​ខេត្ត​បាត់ដំបង បានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជាង១ម៉ឺនហិកតា ប៉ុន្តែ​មិនប៉ៈពាល់ដល់សន្តិសុខ ស្បៀងរបស់ប្រជាពលរដ្ឋឡើយ។
លោក ឈឹម វជីរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តបាត់​ដំ​បង បានប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៧ ខែសីហានេះថា ដំណាំស្រូវ​ដែល​រង​​ផលប៉ៈពាល់ជាង ១ម៉ឺនហិចតានេះ ស្ថិតនៅក្នុងសុ្រកចំនួន២ គឺទី១​ស្រុក​ឯកភ្នំ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្ញៀងជិត៣ពាន់ហិកតា និងទី២ ស្រុករុក្ខគិរី រងផលប៉ះពាល់ជាង១ម៉ឺងហិកតា ដោយសារគ្រោះរាំងស្ងួត គ្មាន​​​ទឹកគ្រប់គ្រាន់សំរាប់ការងារបង្ករបង្កើនផលស្រូវ។ លោកបន្ថែមថា មន្ទីរ​កសិកម្មខេត្ត បានសហកាជាមួយ មន្ទីរធនធានទឹក ដើម្បីជួយប្រជាក​សិករ​ដែលជួបបញ្ហាគ្រោះធម្មជាតិនេះ។ ប្រជាពលរដ្ឋដែល​ជួបបញ្ហាជំនន់​ទឹក​ភ្លៀង ត្រូវត្រៀមចំបើង ឬស្មៅសំរាប់​សត្វពាហណៈ ក្រែងខ្វះខាត ត្រូវ​រាយ​ការណ៍មកភ្នាក់ងារកសិកម្មខេត្ត ឬ​អាជ្ញាធរមូលដ្ឋាន ដើម្បី​ជួយដោះ​ស្រាយ​បញ្ហាទាំងអស់នោះ។លោក​បន្ថែមទៀតថា នៅស្រុកឯកភ្នំ តំបន់ដែល​ធ្លាប់​តែ​​ធ្វើស្រូវស្រាល មិនដែលលិចទឹកទេ ហើយឥឡូវ បែរ ជាត្រូវលិចចំពេល​ដែលកំពុងទទួលផល ។
លោកឈឹម វជីរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានបញ្ជាក់​ទៀតថា ដំណាំស្រូវដែលរងផលប៉ៈពាល់នេះមិនបានធ្វើ​អោយប៉ៈពាល់​ដល់​​សន្តិសុខស្បៀង របស់ប្រជាពលរដ្ឋឡើយ ពីព្រោះស្រូវទំាងនេះ មិន​បាន​ខូច​​​ទំាងស្រុងនោះទេក៏អាចទទួលបានផលមួយចំនួនផងដែរ។ សម្រាប់​​​​ប្រជាពលរដ្ឋដែលខូចខាតស្រូវទំាងស្រុង មន្ទីរបានត្រៀមពូជ​ស្រូវនិង​ពូជ​បន្លែសម្រាប់ចែកជូនប្រជាពលរដ្ឋ អោយអនុវត្តការងារបង្ករបង្កើន​ផល​ឡើង​​​វិញ ដើម្បីរួមចំណែកដោះស្រាយផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ ខេត្តបាតដំបងបានអនុវត្ត ផ្ទៃដីដាំដុះ​ដំណាំស្រូវដើមរដូវ និងស្រូវបង្កើនរដូវ បានចំនួន១១ម៉ឺន១៤៧៦ហិកតា ក្នុងនោះស្រូវបង្កើនរដូវធ្វើបានចំនួនជាង៥ម៉ឺនហិកតា និងស្រូវដើមរដូវ ដែល​ជាប្រភេទស្រូវសែនក្រអូប កសិករដាំបានជាង៦ម៉ឺនហិកតា ហើយ​រហូតមកដល់ពេលនេះប្រជាកសិករកំពុងមមារញឹកក្នុងការប្រមូលផលជាបណ្តើរៗបានប្រមាណ ជាង៥០ភាគនៃផ្ទៃដីសរុប ៕