ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ ត្រូវបានបញ្ចប់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​បញ្ចប់​ការផ្ទៀង​ផ្ទាត់​សន្លឹកឆ្នោតឡើងវិញក្រោយពីការប្រកាសលទ្ធផលបឋម ខណៈ​មាន​បណ្តឹងតវ៉ាចំនួន២១ ពីគណបក្សនយោបាយ ស្ថិតក្នុងដំណាក់កាល​ដោះ​ស្រាយឱ្យបានចប់រួចរាល់នៅមុនថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា ការត្រួត​ពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលឡើងវិញ នៃការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៦ បានបញ្ចប់រួចរាល់កាលពីល្ងាចថ្ងៃទី៦ ខែ​សីហា ដោយគ្មានការប្រែប្រួលខ្លាំងនូវលទ្ធផលបោះឆ្នោត ដែលត្រូវ​បាន​​​ប្រកាសបឋមនោះឡើយ ។
ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែសីហានេះ ឯកឧត្តមបញ្ជាក់ថា លទ្ធផលបោះ​ឆ្នោត ដែលមានការប្រែប្រួលបន្តិចបន្តួចពី​លទ្ធផលបឋមដែល​បានប្រកាស​តាមមណ្ឌលរាជធានីខេត្ត កាលពីល្ងាចទី២៩ ខែកក្កដា ដោយសារតែនៅ​តាមឃុំសង្កាត់តាមមណ្ឌលមួយចំនួនមិនបានបំពេញតួលេខនៅក្នុងតារាងបូកសរុបលទ្ធផល និងមានការយឺតយ៉ាវក្នុងបញ្ជូនទិន្នន័យមកគ.ជ.ប។ឯកឧត្តម បានបន្តថា គ.ជ.ប ត្រូវដោះស្រាយបណ្តឹងឱ្យ​បានចប់ជាស្ថាពរ​សិន មុននឹងឈានទៅប្រកាសលទ្ធផលបណ្តោះអាសន្ន តាមការគ្រោង​ទុក​នៅថ្ងៃទី១១ ខែសីហាខាងមុខនេះ។
តាមលទ្ធផលបឋមរបស់គ.ជ.ប បានបង្ហាញថា ចំនួនអ្នកបោះឆ្នោតដែល​គាំ​ទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៦ នៃរដ្ឋសភានេះ មានជាង​៤​លាន៨៧ម៉ឺនសំឡង ស្មើនឹង៧៦,៧៨។
គ.ជ.ប បានប្រកាស​ថា លទ្ធផលបណ្តោះអាសន្ននៃការបោះ​ឆ្នោត​សកល​ឆ្នាំ២០១៨ នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ហើយលទ្ធផលផ្លូវការ នឹង​ត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ក្នុងករណីបញ្ចប់បណ្តឹងតវ៉ា៕