នគរបាលកម្ពុជា បន្ដពង្រឹងជំនាញគ្រប់គ្រងសន្តិសុខមូលដ្ឋាន និងជំនាញគ្រប់គ្រងជនបរទេស

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖

បណ្ឌិត្យសភានគរបាលកម្ពុជា បានបន្ដពង្រឹងជំនាញគ្រប់គ្រងសន្តិសុខមូលដ្ឋាន និងជំនាញគ្រប់គ្រងជនបរទេសអោយមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជាបច្ចុប្បន្ន។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងសន្តិសុខសង្គម និងវគ្គបំប៉នជំនាញគ្រប់ គ្រងជនបរទេស នៅព្រឹកថ្ងៃទី៧ សីហានេះ នាបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលជាតិ បានឲ្យដឹងថា ការបណ្តុះបណ្តាលជំនាញទាំងពីរខាងលើនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់នាយកដ្ឋានកណ្តាលសន្តិសុខ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ម្យ៉ាងវិញទៀតជំនាញគ្រប់គ្រងសន្តិសុខនៅមូលដ្ឋាន និងការគ្រប់គ្រងជនបរទេសនេះ គឺបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសន្តិសុខក៏ដូចជាការគ្រប់គ្រងជនបរទេស ដែលមករស់នៅ និងធ្វើការនៅលើទឹកដីកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ជំនាញគ្រប់គ្រងសន្តិសុខនៅមូលដ្ឋានគឺបណ្ឌិត្យ សភានគរបាលកម្ពុជាទើបចាប់ផ្តើមជាលើកដំបូងនោះទេ។ ដោយឡែកជំនាញគ្រប់គ្រងបរទេ សវិញ គឺជាលើកទីពីរហើយដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានធ្វើការបណ្តុះបណ្តាលនោះ។

លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយគាំទ្រចំពោះការបណ្តុះបណ្តាលនេះពីសំណាក់បណ្ឌិត្យសភានគរបាលកម្ពុជា។ លោកបានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញទាំងពីរខាងលើនេះដល់មន្រ្តីនគរបាលកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ថានការណ៍ពេលបច្ចុប្បន្ននេះ។ លោក បានបញ្ជាក់ទៀតថា ការពង្រឹងការគ្រប់គ្រងសន្តិសុខ និងជនបរទេសនៅក្នុងប្រទេសកម្ពុជាបានល្អនោះ ក៏ជា ផ្នែកមួយក្នុងការលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រប់គ្រងសន្តិសុខនៅមូលដ្ឋាន និងការគ្រប់គ្រងជនបរទេស នៃរាជបណ្ឌិត្យសភានគរបាលនេះ គឺមានសិក្ខាកាមចូលរួមបណ្តុះបណ្តាលចំនួន១៥០នាក់៕