រយ:ពេល ៧ខែ ដើមឆ្នាំ២០១៨ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាបានចំនួន ៥១ប៊ីលានរៀល

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨–​លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹង នៅព្រឹកថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ថាក្នុងរយ:ពេល ៧ខែ ដើមឆ្នាំ២០១៨ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាបានចំនួន ៥១ប៊ីលានរៀល បើប្រៀបធៀបរយ:ពេល ៧ខែដើម ឆ្នាំ២០១៧ដូចគ្នា មានការកើនឡើងចំនួន ៣៦.៨៩ភាគរយ ក្នុងនោះចំណូលថវិកាថ្នាក់ក្រោមជាតិ (ខេត្ត) មានចំនួន ៣៧ប៊ីលានរៀល ស្មើនឹង ៩លាន ២៥០ពាន់ដុល្លាអាម៉េរិក ធៀបនឹង ៧ខែ ឆ្នាំ២០១៧ ប្រមូលចំណូលពន្ធមានចំនួន ២២ប៊ីលានរៀល មានការកើនឡើង ១៥ប៊ី លានរៀល កើនឡើង ស្មើនឹង ៤០.៥៤ភាគរយ និងចំណូលថវិកាថ្នាក់ជាតិបានចំនួន ១៤ប៊ី លានរៀល ស្មើនឹង ៣.៥លានដុល្លារអាម៉េរិក ធៀបនឹងរយ:ពេល ៧ខែ ២០១៧ មានការកើនឡើង ៥ប៊ីលានរៀល គឺកើនឡើង ៣៥.៧១ភាគរយ។

​លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានបន្តថា ការកើនឡើងនូវចំណូលពន្ធ​រយ:ពេល ៧ខែ ដើមឆ្នាំ២០១៨ ក្នុងនោះពន្ធនៅថ្នាក់ក្រោមជាតិ មានដូចជា (ពន្ធឈ្នួលដី ផ្ទះ អាករបំភ្លឺសាធារណ: អាករស្នាក់នៅ ពន្ធប៉ាតង់ ពន្ធមធ្យោបាយ ពន្ធប្រថាប់ត្រា ពន្ធអចលន ទ្រព្យ ពន្ធលើដីធ្លីមិនប្រើប្រាស់)។ ចំណែកពន្ធថ្នាក់ជាតិ មានដូចជា (ពន្ធលើប្រាក់បៀវត្សរ៍ អាករលើតម្លៃបន្ថែម អាករពិសេស អាករលើទំនិញមួយចំនួន អាករលើសេវាមួយចំនួន ពន្ធតែម និងប្រាក់ពិន័យជាដើម) ។

​លោក សន ស៊ីផល បានបញ្ជាក់ថា ក្នុងរយ:ពេល ៧ខែដើមឆ្នាំ ២០១៨ សាខាពន្ធ ដាខេត្តព្រះសីហនុ បានពង្រឹងច្បាប់សារពើពន្ធផ្សព្វផ្សាយដល់បងប្អូនអាជីវករ ពាណិជ្ជករ ស្តីពីកត្តព្វកិច្ចបង់ពន្ធ ព្រមទាំងបានបើកសិក្ខាសាលាផ្សព្វផ្សាយ ពីកាតព្វកិច្ចបង់ពន្ធ ពិសេសប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករមានការយល់ ដឹងចូលមកបង់ពន្ធមានការកើន ឡើងជាបន្តបន្ទាប់ ម្យ៉ាងទៀតដោយមានកិច្ចសហការពីអាជ្ញាធរខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ធ្វើឱ្យការប្រមូលពន្ធមានការកើនឡើង និងលើសផែនការជារៀងរាល់ឆ្នាំ ពិសេសមន្ត្រីពន្ធដាររបស់យើងបានបំពេញការងារ បម្រើ សេវាជូនអតិថិជន ប្រកបដោយភាពជឿជាក់ តម្លាភាព និងក្រមសីលធម៌ជាមន្ត្រីដែល បម្រើរាស្ត្រ។

​លោក សន ស៊ីផល ប្រធានសាខាពន្ធដាខេត្តព្រះសីហនុ ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ដែលមានកាតព្វកិច្ចបង់ពន្ធ ត្រូវចូលមកបង់ពន្ធនៅ តាមសាខាពន្ធដារ ធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា និងធនាគារសាធារណ: ដោយខ្លួនឯង ចៀសវាងការចំណាយសេវាក្រៅផ្លូវការនាំឱ្យខាតបង់ពេលវេលា ថវិកា និងបង្កឱ្យមានបាតុភាពមិនល្អ។

​លោកប្រធានពន្ធដារសាខាខេត្តព្រះសីហនុបានឱ្យដឹងថា តាមរយ:ផែនការឆ្នាំ ២០១៨ របស់អគ្គនាយកដ្ឋានពន្ធដារ តម្រូវឱ្យសាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលពន្ធប្រចាំឆ្នាំចំនួន ៤៨.៧៧៧.០០០.០០០រៀល ស្មើនឹង ១២លានដុល្លារសហរដ្ឋអាមេរិក៕

ដោយ ងូ សុមុនី