អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នគ្រោះទឹកជំនន់ និងសត្វអាសិរ្ពិសនានា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ៖
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវអោយ បងប្អូន ប្រជាពលរដ្ឋ​ទាំង​អស់មានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាគ្រោះទឹកជំនន់ និងសត្វអាសិរ្ពិសនានា ជាពិ​សេស​ចំពោះ កុមារ ជនពិការ និងចាស់ជរា ខណៈកំពស់ទឹកទន្លេមេគង្គនៅ​ខេត្តកំពង់ចាមថ្ងៃទី៧​សី​ហា​នេះ មានកំពស់១៥,១៤ម៉ែត្រ ឬឡើងជិត១០សង់ទីម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃទី០៥ និងថ្ងៃ​ទី៦សីហា ។
ឯកឧត្តម គួច ចំរើន បានអោយដឹងនៅព្រឹកថ្ងៃទី០៧ខែសីហានេះថា ទឹកទន្លេមេគង្គ​ខេត្តកំពង់​ចាម កាលពីថ្ងៃទី០៦ ខែសីហា បានស្រកមកនៅត្រឹម១៥.០៥ម៉ែត្រ តែសម្រាប់ថ្ងៃទី០៧​ខែសី​ហា​នេះ កំពស់ទឹកបានឡើងបន្តិច វិញ គឺមានកំពស់១៥,១៤ម៉ែត្រ បណ្តាលឲ្យប៉ះពាល់ចំនួន​០៨​ស្រុក ឃុំចំនួន៤១ និង១៦៤ភូមិ ។
ឯកឧត្តម បន្តថា ក្នុងរយៈពេលទឹកជំនន់ប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យលិចដំណាំ​ស្រូវចំនួន​៦៤៥,៥​ហិក​តា ពោតចំនួន៧ហិកតា និងលិចផ្លូវចំនួន៣៦២០ម៉ែត្រផងដែរ ។ ឯកឧត្តម បានសំណូម​ពរដល់ ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែល​បណ្តាល​ឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះ កុមារ ជនពិការ និង​ចាស់​ជរា ។
ឯកឧត្តម គួច ចំរើន អំពាវនាវសូមអោយបងប្អូនមានការប្រុងប្រយ័ត្នចំពោះសត្វពស់ ក្នុងករណី​មាន​សត្វអាសិរ្ពិសចឹកឬខាំ សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់​គ្រាន់​សម្រាប់​ព្យាបាល ៕