ប្រជាជនវេនេហ្សូអេឡាធ្វើបាតុកម្មគាំទ្រលោក ម៉ាឌូរ៉ូ បន្ទាប់ពីការធ្វើឃាតមិនបានសម្រេច

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ — ប្រជាជនវេនេហ្សូអេឡា បានប្រមូលផ្តុំគ្នាក្នុងការគាំទ្រដល់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ( Nicolas Maduro ) កាលពីថ្ងៃចន្ទបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយ លើអាយុជីវិតរបស់ លោកកាលពីចុងសប្តាហ៍កន្លងទៅ ។
ប្រធានសភាធម្មនុញ្ញជាតិ ( ANC )លោក ឌីយ៉ូសដាដូ ការបេឡូ បានដឹកនាំការប្រមូលគ្នានេះ នៅពេលដែលពួកអ្នកគាំទ្ររដ្ឋាភិបាលរាប់ពាន់នាក់ ដែលស្លៀកពាក់ពណ៌ក្រហមជាពណ៌របស់គណបក្ស PSUV សង្គមនិយមដែលកំពុងកាន់អំណាចនោះ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងការ៉ាកាស ។

ចេញពីទីនោះពួកអ្នកគាំទ្រ បានដើរក្បួនទៅកាន់ទីស្នាក់ការ Miraflores របស់ប្រធានាធិបតី ។ ក្នុងពិធីកណ្តាលវាលមួយកាលពីថ្ងៃសៅរ៍ ដែលរំលឹកដល់ខួបលើកទី៨១នៃឆ្នាំ ជាតិរបស់ប្រទេស វេនេហ្សូអេឡានោះ មានយន្តហោះដ្រូនជាច្រើនបានហោះទៅជិតវេទិកាប្រធានាធិបតី នៅពេលដែល លោក ម៉ាឌូរ៉ូកំពុងថ្លែងសុន្ទរកថាមួយហើយបានផ្ទុះ ។

លោក ម៉ាឌូរ៉ូ មិនមានគ្រោះថ្នាក់ទេ ប៉ុន្តែមនុស្សជាច្រើននាក់បានរងរបួស ។ ពួកអាជ្ញាធរបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់៦នាក់ ក្នុងការជាប់ទាក់ទងជាមួយការប៉ុនប៉ងធ្វើឃាតនេះ ។

លោក កាបេឡូ បាននិយាយថា ការវាយប្រហារនេះមិនគ្រាន់តែប្រឆាំងនឹងលោក ម៉ាឌូរ៉ូ ប៉ុណ្ណោះ ទេ ថែមទាំងប្រឆាំងនឹងប្រជាជន ព្រមទាំងពួកមន្ត្រីផងដែរ ។

លោក កាបេឡូ បាននិយាយថា ថ្វីបើពួកមេដឹកនាំពិភពលោក បានសំដែងសាមគ្គីភាពរបស់ពួកគេ ជាមួយលោក ម៉ាឌូរ៉ូ ក៏ដោយក៏ពួកប្រឆាំងរបស់ប្រទេសវេនេហ្សូអេឡាមិនបានថ្កោលទោសការវាយ ប្រហារនេះទេ ដោយលោកនិយាយបន្ថែមថា ឧប្បត្តិហេតុមួយដូចនេះត្រូវតែដាក់ទោសនៅទីក្រុងការ៉ា- កាស ឬកន្លែងដទៃទៀត ក្នុងពិភពលោក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)