រដ្ឋមន្រ្តីក្រសួងការពារជាតិអំពាវនាវឱ្យមានការគាំទ្រពីប្រទេសតួកគី សម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ — ក្រសួងរបស់លោកបាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាង​ត្បូង លោក សុង​ យ៉ុង-ម៉ូ បានអំពាវនាវឱ្យមានការគាំទ្រពីប្រទេសតួកគី សម្រាប់កិច្ចខិតខំប្រឹង​ប្រែង​របស់ក្រុងសេអ៊ូល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើមិនឱ្យមាននុយក្លេអ៊ែរ និងសន្តិភាព​ដ៏យូរអង្វែងមួយនៅលើឧបទ្វីបកូរ៉េ។
កាលពីថ្ងៃចន្ទ លោក ​សុង បានធ្វើកិច្ចចរចាជាមួយសមភាគីតួកគីរបស់លោក លោក Hulusi Akar នៅទីក្រុងអង់ការ៉ា ស្តីអំពីបញ្ហាមួយចំនួន ដោយរួមមានបញ្ហាសន្តិសុខ​នៅ​លើ​ឧបទ្វីបកូរ៉េ និងកិច្ចសហ-ប្រតិបត្តិការនៅក្នុងផ្នែកឧស្សាហកម្មអាវុធ។ លោកបានចាប់ផ្តើមធ្វើ​ទស្សនកិច្ចចំនួន៦ថ្ងៃមួយកាលពីថ្ងៃអាទិត្យ ដែលនឹងនាំលោកទៅកាន់ប្រទេសឥណ្ឌាផងដែរ នៅចុងសប្តាហ៍នេះ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា ក្នុងអំឡុងពេលកិច្ចចរចា​នោះ​ដែរ លោករដ្ឋមន្រ្តី សុង បានពន្យល់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ និងកិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង- អាមេរិកកាលពីពេលថ្មីៗនេះ ព្រមទាំងបានអំពាវនាវឱ្យមានការគាំទ្រ​ជា​សកម្ម​ពីប្រទេសតួកគី និងកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចខិតខំប្រឹងប្រែងនានា​សម្រាប់ការ​បញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ ហើយនិងសម្រាប់ការស្ថាបនាសន្តិភាព​ដ៏យូរអង្វែងមួយ។

លោក Akar បាននិយាយនៅក្នុងការឆ្លើយតបថា ប្រទេសរបស់លោក នឹងបន្តកិច្ច​សហ​ប្រតិបត្តិការនៅក្នុងការផ្តល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ទីក្រុសេអ៊ូល ដែលការធ្វើឱ្យមាន​ស្ថិរភាព​នៅលើឧបទ្វីបកូរ៉េត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងសន្តិភាពលើពិភពលោក។​

ក្នុងអំឡុងកិច្ចចរចារបស់ពួកគេ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រីក​កិច្ចសហ​ប្រតិបតិ្តការផ្នែកការពារជាតិ និងផ្លាស់ប្តូរគ្នាទៅវិញទៅមក តាមរយៈវិធានការនានាជាបន្ត​បន្ទាប់មានដូចជា​៖ ការផ្លាស់ប្តូរពួកមន្រ្តីជាន់ខ្ពស់ និងការធ្វើឱ្យសកម្មនូវកិច្ចពិគ្រោះ​ខាង​យោធា​​ជាទៀងទាត់ទ្វេភាគី។ នាថ្ងៃព្រហស្បតិ៍ លោក សុង នឹងចេញដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីពិភាក្សាគ្នា​ពី​បញ្ហាសន្តិសុខក្នុងតំបន់​និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មការពារជាតិ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )