ចិនអំពាវនាវដល់គ្រប់ភាគីជម្លោះទាំងអស់នៅប្រទេសស៊ូដង់ខាងត្បូង ឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ — អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបាន​អំពាវនាវ​ដល់គ្រប់ភាគីជម្លោះទាំងអស់នៅប្រទេសស៊ូដង់ខាងត្បូង ឱ្យអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពមួយ​ ហើយនិងបន្តធ្វើឱ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសនេះជាលើក​ដំបូងមួយ។
កិច្ចព្រមព្រៀងសន្តិភាពមួយ ស្តីអំពី​ការចែករំលែកអំណាច និង​ការរៀបចំសន្តិសុខ ត្រូវបានចុះហត្ថលេខា​កាលពីថ្ងៃអាទិត្យ​នៅក្នុងរដ្ឋធានី ខាទុំ ដោយប្រធានាធិបតីស៊ូដង់​ខាង​ត្បូង លោក Salva Kiir មេដឹកនាំគណៈបក្សប្រឆាំងដ៏ធំជាងគេ លោក Piek Machar ហើយ​និង​តំណាងមកពីក្រុមប្រឆាំងនានាមួយចំនួនផ្សេងទៀត។

នៅក្នុងការឆ្លើយតបមួយ អ្នកនាំពាក្យលោក Hua Chunying បាននិយាយថា ប្រទេស​ចិនបានស្វាគមន៍ និងកោតសរសើរចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ ដែលបានធ្វើជាជំហាន​ដ៏សំខាន់មួយ ឆ្ពោះទៅរកសន្តិភាពនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។

លោក Hua បាននិយាយថា យើងសូមអំពាវនាវដល់គ្រប់ភាគីជម្លោះទាំងអស់ ឱ្យ​អនុវត្ត​កិច្ចព្រមព្រៀងសន្តិភាពនេះ ហើយរក្សានូវសន្តិភាព និងស្ថិរភាពចាប់ពីពេលនេះតទៅដោយបន្ថែមថា ប្រទេសចិន ជារឿយៗតែងតែផ្តល់ការគាំទ្រ និងជំនួយនានាដល់ដំណើរការ​សន្តិភាពនៅក្នុងប្រទេសស៊ូដង់ខាងត្បូងនេះជានិច្ច៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )