សមាជិកក្រុមប្រឹក្សារដ្ឋចិនជួបប្រធានជាប់ឆ្នោតសម័យប្រជុំលើកទី៧៣ របស់ ​អ.ស.ប

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ — សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ( Wang Yi ) កាលពីថ្ងៃចន្ទនេះ បានធ្វើកិច្ចចរចាជាមួយប្រធានជាប់ឆ្នោតសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាត អ.ស.ប លោកស្រី Maria Fernanda Espinosa Garces ដោយបានអំពាវនាវឱ្យមានការពង្រឹងការមូលមតិគ្នាលើលទ្ធិពហុភាគីនិយម និងការពារអំណាច និងតួនាទីរបស់ អ.ស.ប ។
លោក វ៉ាង បាននិយាយថា សហគមន៍ជាសកលគួរតែការពារប្រព័ន្ធអន្តរជាតិ ដែលផ្អែកលើគោលបំណង និងគោលការណ៍ដែលបានដាក់តម្កល់នៅក្នុងធម្មនុញ្ញ អ.ស.ប ព្រមទាំងជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចមួយដែលបើកចំហ និងរាប់បញ្ចូលថែមទៀត , មានតុល្យភាព , មានសមធម៌ និងផល ប្រយោជន៍ថែមទៀតដល់ប្រទេសទាំងអស់ ។

លោកក៏បានអំពាវនាវផងដែរឱ្យធ្វើការប្រឆាំងជំទាល់ នឹងលទ្ធិឯកតោភាគីនិយម និងលទ្ធិការពារ ពាណិជ្ជកម្មក្នុងស្រុក ដោយការការពារច្បាប់អន្តរជាតិ ​ព្រមទាំងវិធានច្បាប់ ហើយនឹងការការពារផលប្រយោជន៍រួមរបស់ប្រជាជនជុំវិញពិភពលោក ។

លោកស្រី Espinosa Garces បានសំដែងការដឹងគុណដល់តួនាទី ប្រកបដោយការស្ថាបនា របស់ប្រទេសចិន នៅក្នុងការគាំទ្រលទ្ធិពហុភាគីនិយម ​ព្រមទាំងតួនាទី អ.ស.ប​ ។ ដោយសារការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវថា ជាការធ្វើការរួមចំណែកជាវិជ្ជមានមួយដល់ការជំរុញការអភិវឌ្ឍជាសកលនោះ លោកស្រីបានប្រាប់លោក វ៉ាង ថា លោកស្រី នឹងបន្តគាំទ្រការផ្តួចផ្តើម គំនិតនេះ ហើយសង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )