រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយរកមូលនិធិពីសមាជិក មន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្ត សម្រាប់ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ –នារសៀលថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្វែងរកមូលនិធិពីសមាជិក មន្ត្រីរាជការ សប្បុរសជន ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការពិនិត្យ ព្យាបាល សង្គ្រោះកុមារកម្ពុជា ។
  

  ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្គ្រោះកុមារកម្ពុជាជាច្រើនម៉ឺននាក់ ដោយមិនរើសអើង មិនតម្រូវឱ្យមានការបង់ថ្លៃសេវាព្យាបាលដល់កូនចៅប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ការផ្សព្វផ្សាយស្វែងរកមូលនិធិពីសមាជិក មន្ត្រីរាជការ សប្បុរសជន អាជីវករ ពាណិជ្ជករ នៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចែករំលែកនូវធនធានរបស់ខ្លួន ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាមានលទ្ធភាពបន្តដំណើរការជួយពិនិត្យ ព្យាបាល និងសង្គ្រោះកុមារកម្ពុជា ដែលមានជំងឺត្រូវការព្យាបាលជាបន្ទាន់ ។
 

ឯកឧត្តមបានបន្តថា  មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយដែលផ្តោតសំខាន់ទៅលើការជួយព្យាបាល សង្គ្រោះកុមារកម្ពុជា ដែលបានបង្កើតឡើងដោយលោក រីន័រ ជនជាតិ    ស៊្វី ដែលបានបង្កើតមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះកុមារកម្ពុជា។ ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពជា ពីមួយថ្ងៃទៅមួយថ្ងៃមន្ទីរពេទ្យបានពង្រីកសមត្ថភាពរបស់ខ្លួន ជាមធ្យមមន្ទីរពេទ្យទទួលកុមារកម្ពុជាប្រមាណជា ៣០០នាក់ និងមានការវះកាត់កុមារជាមធ្យម ៦០នាក់ក្នុងមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគថវិកាជួយដល់មន្ទីពេទ្យគន្ធបុប្ផា កាកបាទក្រហមកម្ពុជា ក៏បានបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ សាលាខេត្តក៏បានផ្តួចផ្តើមបង្កើតប្រមូល មូលនិធិពីសប្បុរសជន មន្រ្តីរាជការ ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលកំពុងត្រូវការការព្យាបាល ៕

ដោយ ងូ សុមុនី