អគ្គលេខាអង្គការសហប្រជាជាតិសម្តែងការបារម្ភពីការវាយប្រហារដោយប្រើដ្រូននៅក្នុងប្រទេសវេណេស៊ុយអេឡា​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៧.០៨.១៨)

អង្គការសហប្រជាជាតិ៖ អគ្គលេខាអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែររ៉េកាលពីថ្ងៃចន្ទនេះបានសម្តែងការបារម្ភអំពីស្ថានការណ៍នៅក្នុងប្រទេសវេណេស៊ុយអេឡាបន្ទាប់ពីមានការប្រើដ្រូន ក្នុងសកម្មភាពវាយប្រហារប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតីប្រទេសនោះកាលពីថ្ងៃសៅរ៍កន្លងមកនេះ ។

មន្ត្រីនាំពាក្យរបស់លោកអគ្គលេខាអង្គការសហប្រជាជាតិ បាននិយាយថាលោកអគ្គលេខាអង្គការសហប្រជាជាតិ អំពាវនាវ កុំឲ្យមានអំពើហឹង្សា ​កើតចេញពីការវាយប្រហារនេះនិងឲ្យភាគីទំាងអស់ខិតខំធានាឲ្យបាននូវកុងសង់ស៊ុសជាមួយគ្នា ក្នុងការដោះស្រាយបញ្ហាដែលប្រទេសវេណេស៊ុយអេឡា កំពុងតែជួបប្រទះ ។

​មានការបំផ្ទុះដ្រូន ក្នុងអំឡុងពេលព្យុហយាត្រារបស់កងទ័ពកាលពីថ្ងៃសៅរ៍ក្នុងប្រទេសវេណេស៊ុយអេឡា ក្នុងគោលបំណងធ្វើឃាត​ប្រធានាធិបតីវេណេហ្ស៊ូអេឡាលោកនីកូឡាម៉ាឌួរ៉ូ (Nicolas Maduro) ​​។