គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អះអាងថា បាននិងកំពុងរៀបចំច្បាប់​ដើម្បីដាក់ទោសជនល្មើសឱ្យកាន់តែធ្ងន់ធ្ងរ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨–ស្របពេលដែលយុទ្ធនាការបង្រ្កាបបទល្មើសក្លែងក្លាយកំពុងតែផ្សព្វផ្សាយកាន់តែសកម្មផង នោះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបាននិងកំពុងរៀបចំធ្វើច្បាប់ ដើម្បី ដាក់ជនល្មើសដែលបានប្រព្រឹត្តទង្វើនេះ ឱ្យបានធ្ងន់ធ្ងរ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសផលិតផលក្លែងក្លាយ ខុសច្បាប់ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានបញ្ជាក់ថា មន្រ្តីជំនាញរបស់គណៈកម្មាធិការកំពុងរៀបចំតាក់តែង នូវសេចក្តីព្រាងច្បាប់លើការដាក់ទោសទណ្ឌចំពោះជនល្មើសដែលបានប្រព្រឹត្តនឹងបទល្មើស ផលិតនូវផលិតផលក្លែងក្លាយ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដថា សេចក្តីព្រាងច្បាប់មួយនេះ មិនទាន់ដឹងច្បាស់ថា គ្រោងនឹងប្រើប្រាស់រយៈពេលប៉ុន្មាន និងត្រូវបញ្ចប់នៅពេល ណានោះទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានប្រកាសថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្រ្កាបរាល់ផលិតផលក្លែងក្លាយ នៅ ក្នុងប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ទន្ទឹមនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អំពាវនាវសុំឱ្យមានការចូល រួមពីសំណាក់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដើម្បីផ្តល់ព័ត៌មាន និងរាយការណ៍នៅពេល បានឃើញមានការចរាចរផលិតផលក្លែងក្លាយនៅលើទីផ្សារកម្ពុជា។

សូមបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការបង្រ្កាបនូវផលិតផលក្លែងក្លាយបានរាប់រយតោន ដែលរួមមានផលិតផលគ្រឿងសម្អាង ផលិតផលចំណីអាហារខូចគុណភាព ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ដោយឡែកចំពោះអ្នកប្រព្រឹត្តក៏ត្រូវបានបញ្ជូន ទៅ​តុលាការដើម្បី​ធ្វើការផ្តន្តាទោសតាមច្បាប់ផងដែរ៕

ដោយ ចាន់ សុធីវង្ស