​ភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើដំណើរ (TripAdvisor) ​នឹងរៀបចំប្រគល់​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​១ ដល់​ប្រាសាទ​អង្គរវត្តកម្ពុជា​ នៅថ្ងៃទី០៩ ខែសីហាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨–ភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើដំណើរ (TripAdvisor) នឹង​រៀបចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​១ ដល់​ប្រាសាទ​អង្គរវត្ត​កម្ពុជា ដែល​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ចំណោម​សំណង់​ប្រវត្តិសាស្ត្រ​​ល្បីៗ​ក្នុង​ពិភព​លោកចំនួន២៥ សម្រាប់​ឆ្នាំ​២០១៨នេះ នាថ្ងៃ ទី០៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងខេត្ដសៀមរាប។

លោក ឡោ ធូរ៉ា ប្រធាននាយកដ្ឋានផ្សព្វផ្សាយទីផ្សារទេសចរណ៍ក្រៅប្រទេស នៃ ក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យAKP ដឹង នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះថា ការរៀបចំកម្មវិធីអបអរសាទរ និងពិធីប្រគល់​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​១ ដល់​ប្រាសាទ​អង្គរវត្ត​កម្ពុជានេះ គឺដើម្បីរួមចំណែកបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិ និង បង្ហាញពី មុខមាត់របស់កម្ពុជា ជាពិសេស នឹងធ្វើឱ្យអង្គរវត្ដ ក្លាយទៅជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរ មកទស្សនាកាន់តែច្រើនថែមទៀតនាពេលអនាគត។ លោកបានបន្ដថា នេះគឺបានបង្ហាញអំពីមុខ​មាត់ និងជាមោទនភាព របស់ប្រជាជន និង ប្រទេសកម្ពុជាទាំងមូលនៅលើឆាកអន្ដរជាតិ ដោយសារតែអង្គរ ជាគោលដៅទេសចរណ៍ វប្បធម៌មួយដ៏ល្បីល្បាញ និងជាសំណង់ប្រវត្ដិសាស្រ្ដដ៏អស្ចារ្យនៅលើពិភពលោក។

លោកបានបន្ដទៀតថា ការជ្រើសរើសយកប្រាសាទអង្គរវត្ដជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍ល្អជាងគេនៅលើពិភពលោកនេះ TripAdvisor បានដាក់តំបន់គោល​ដៅទេស​ចរណ៍ល្បីៗនៅលើពិភពលោកជាង៧០០កន្លែង ដើម្បីឱ្យភ្ញៀវធ្វើការជ្រើសរើស និង បោះឆ្នោតផ្ដល់​ចំណាត់ថ្នាក់ដល់ទីកន្លែងគោលដៅទេសចរណ៍នីមួយៗ។ប៉ុន្ដែទីបំផុតប្រាសាទ អង្គរវត្ដនៅតែជាប់ចំណាត់ថ្នាក់លេខរៀងទី១ ដែល​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ចំណោម​សំណង់​ប្រវត្តិសាស្ត្រ​​ល្បីៗ​ក្នុង​ពិភព​លោកចំនួន២៥ សម្រាប់​ឆ្នាំ​២០១៨នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងទេស ចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា នឹង​ត្រូវ​រៀបចំពិធីនេះ​ឡើង​នៅ​ក្រុង​សៀមរាប ទីតាំង​ខាងមុខ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ នា​​ពេល​ព្រឹក និង​ពិធី​អបអរសាទរ រាំ​លេង​សប្បាយ​ជាមួយ​ការ​ប្រគំតន្ត្រី​នៅ​តំបន់ Pub Street ពេល​រាត្រី នា​ថ្ងៃ​ទី០​៩ ខែ​សីហា ឆ្នាំ​២០១៨​ ខាងមុខ​នេះ។
លោក ពេជ្រ ឆដា អនុប្រធានសមាគមមគ្គុទេសក៍ភាសាជប៉ុនអង្គរ ក្នុងខេត្ដសៀមរាប បានប្រាប់AKP ដែរថា ការទទួលបានពានរង្វាន់ ចំណាត់ថ្នាក់លេខ១របស់ប្រាសាទអង្គរវត្ដនេះ​ គឺជាមោទនភាពខ្លាំងណាស់តំណាងឱ្យប្រជាជន និងប្រទេសកម្ពុជា ដែលប្រាសាទអង្គរវត្ដ បានទទួលពានរង្វាន់ជាបន្ដបន្ទាប់ និងជាសម្បត្ដិបេតិកភណ្ឌពិភពលោក។

លោកបានកោត សរសើរចំពោះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍ ដែលបានខិតខំផ្សព្វផ្សាយយ៉ាង ទូលំទូលាយលើវិស័យទេសចរណ៍ និងប្រាង្គបា្រសាទអង្គរវត្ដដល់ពិភពលោក ឱ្យបានស្គាល់ និងផ្ដល់នូវចំណាត់ថ្នាក់ដល់ប្រាសាទអង្គរវត្ដ ជាពិសេសការទាក់ទាញភ្ញៀវទេសចរ អន្ដរជាតិ ឱ្យចូលមកកម្ពុជា កាន់តែច្រើនថែមទៀត។

លោកបានបន្ថែមថា ក្នុងនាមជាសមាគមមគ្គុទេសក៍ទេសចរណ៍ដែលធ្វើការងារលើ វិស័យទេសចរណ៍ តែងតែចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ ប្រាង្គបា្រសាទ និង តំបន់ទេសចរណ៍ សំខាន់ៗជាច្រើនទៀតនៅក្នុងខេត្ដសៀមរាបដល់ភ្ញៀវទេសចរ ដើម្បី ទទួលបានចំណូល និងជួយផ្ដល់ការងារ​ធ្វើដល់ប្រជាពលរដ្ឋ ព្រមទាំងចំណូលដល់សេដ្ឋកិច្ច ជាតិ ជាពិសេសការអភិវឌ្ឍនៅក្នុងខេត្ដសៀមរាប ផងដែរ។

យោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អង្គរវត្ដ ត្រូវបានភ្ញៀវ ទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ និងទទួលបានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈ គេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា ដោយកាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែង តែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភព លោកមកប្រៀបធៀបគ្នានោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជា គេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រTripAdvisor។

នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហ ទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភព លោក មានទាំងព័ត៌មានតាមរយៈគេហទំព័រ ទស្សនាវដ្តី និងសៀវភៅ ជាដើម។ ទន្ទឹមនេះ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ TripAdvisor ក៏បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ ប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងឋានៈជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតក្នុងលោក៕


ដោយ អ៊ុន រិទ្ធី