សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់កីឡករ-កីឡាការិនីទាំងអស់ចំពោះការបញ្ចុះទំងន់ ត្រូវគិតគូរពីបញ្ហាសុខភាព

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាកម្ពុជាដែលនឹងទៅ​ចូលរួមការប្រកួតកីឡា​អាស៊ី​លើកទី១៨នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៦ ខែ​សីហានេះ។
សម្តេចតេជោ បានបន្តថា ចំពោះកីឡករ-កីឡាការិនីទាំងអស់ដែលតំរូវឲ្យមានការបញ្ចុះទំងន់ ដើម្បីតំរូវក្នុងការប្រកួត ក៏ត្រូវគិតគូតផងដែរពីបញ្ហាសុខភាព ពីព្រោះការបញ្ចុះទំងន់ខ្លាំងពេក ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។
ជាមួយគ្នាននេះ សម្តេចតេជោ ក៏សូមឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវគិតថាការប្រកួតចាញ់-ឈ្នះគឺជារឿង ធម្មតារបស់កីឡា ប៉ុន្តែសំខាន់បំផុតនោះ គឺត្រូវគោរពតាមច្បាប់នៃការប្រកួត របស់​គណៈកម្មការកីឡា ពិសេសគឺត្រូវតែជៀសវាងការប្រើប្រាស់សារធាតុលើកកម្លាំង ឬសារ​ធាតុញៀន ជាដើមដែលធ្វើឲ្យ ប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់កិត្តិយសជាតិ។
សម្តេចតេជោ ក៏បានអរគុណចំពោះគ្រូបង្វឹក នៅតាមបណ្តាប្រទេសផ្សេងៗ ដែលបានជួយ បណ្តុះ​​​បណ្តាល បង្វឹកដល់កីឡាករ-កីឡាការិនីរបស់កម្ពុជា និងបានអរគុណដល់ហព័ន្ធកីឡា គណៈកម្មការ កីឡាជាតិអូឡាំងពិកកម្ពុជានិងផ្នែកពាក់ព័ន្ធទាំងអស់ដែល​បានចូលរួមចំណែក​ក្នុងការជំរុញវិស័យកីឡានេះឲ្យមានការីកចម្រើន។