ស្ថានទូតវៀតណាមធ្វើការជំរុញកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងអាហ្រ្វិកខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Vu Van Dung បាននិយាយថា ទំនាក់ទំនងរវាងវៀតណាម និងអាហ្រ្វិកខាងត្បូង បានរីកចម្រើនឥតឈប់ឈរដោយមានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដែលបានជួយបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានភាពខ្លាំងក្លា និងមានប្រសិទ្ធ ភាព។
លោក Dung បានសង្កត់ធ្ងន់ទៅលើជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ក្នុងក្របខណ្ឌនៃសន្និសីទកំពូលមេដឹកនាំ G7 នាពេលថ្មីៗនេះ នៅប្រទេសកាណាដា ក្នុងអំឡុងពេលដែលភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិធានការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ទាក់ទងទៅនឹងសកម្មភាពរបស់ស្ថានទូតនៅក្នុងឆ្នាំ ២០១៨ ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា ឆ្នាំនេះ គឺជាខួបលើកទី ២៥ នៃទំនាក់ទំនងទ្វេភាគី។ ស្ថានទូតវៀតណាមបានរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗ រួមទាំងការបើកការតាំងពិព័រណ៌គំនូរប្រេង ដែលបង្ហាញពីទឹកដី និងប្រជាជនវៀតណាម ព្រមទាំងចូលរួមនៅក្នុងសិក្ខាសាលាលើកកម្ពស់ពាណិជ្ជកម្ម នៅក្នុងទីក្រុងJohannesburg និងទីក្រុង Cape។ នៅថ្ងៃទី 15 ខែសីហា ខាងមុខនេះ ស្ថានទូតនេះនឹងសម្របសម្រួលជាមួយក្រសួងការបរទេសអាហ្រ្វិកខាងត្បូង និងស្ថានទូតម៉ាឡេស៊ី ថៃ និងហ្វីលីពីន ក្នុងការរៀបចំពិធីអបអរទិវារំលឹកខួប។

ស្ថានទូតនឹងបន្តតួនាទីរបស់ខ្លួនជាស្ពានមួយ ក្នុងការជួយដល់ការិយាល័យពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សាបញ្ចប់ និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងមូលដ្ឋានច្បាប់សម្រាប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ស្តីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបង្កាឧក្រិដ្ឋកម្ម និងការធ្វើបត្យាប័នព្រហ្មទណ្ឌ និងការបញ្ជូនអ្នកទោស។

យោងតាមអ្នកការទូតបានឱ្យដឹងថា ការទូតផ្នែកសេដ្ឋកិច្ច គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃកិច្ចការការទូតរបស់ស្ថានទូត ដែលត្រូវបានបង្កើនក្នុងទម្រង់ផ្សេងៗ ដើម្បីរួមចំណែកថែរក្សាពាណិជ្ជកម្មទ្វេភាគីឱ្យបានជាង ១ប៊ីលានដុល្លារអាម៉េរិក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)