អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ារ ក្លាយជាប្រធានគណបក្ស

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ — សារព័ត៌មានអនឡាញ Star រាយការណ៍ពីថ្ងៃអាទិត្យថា លោក ​អានវ៉ារ អ៊ីប្រាហ៊ី(Anwar Ibrahom ) អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានទទួលមុខតំណែងកំពូលរបស់គណបក្សយុត្តិធម៌ប្រជាជន ។
គណបក្សនេះបច្ចុប្បន្នកាន់កាប់ចំនួនអាសនសភាដ៏ច្រើនបំផុត ។ លោក អានវ៉ារ បានធ្វើការជាមួយគ្នាជាមួយនាយករដ្ឋមន្ត្រីលោក មហាធៀរ ម៉ូហាម៉ាដ ( Mahathir Mohamad ) ដើម្បីការឈ្នះការបោះឆ្នោតទូទៅកាលពីខែឧសភា ។

បន្ទាប់ពីពេលវេលានៃការតែងតាំងសម្រាប់ការបោះឆ្នោតគណបក្សបានបិទ កាលពីថ្ងៃអាទិត្យលោក ​អានវ៉ារ បានក្លាយទៅជាបេក្ខជនតែម្នាក់គត់ដែលដាក់ឯកសារតែងតាំសម្រាប់តំណែងប្រធានគណបក្ស ដែលគេស្គាល់ជាទូទៅថា គណបក្ស Parti Keadilan Rakyat ( PKR ) ។

លោកនឹងទទួលយកតំណែងនេះ ពីភរិយារបស់លោក គឺលោកស្រី វ៉ាន អាហ្ស៊ី ហ្សា វ៉ាន អ៊ីស្មាយ ( Wan Azizah Wan Ismail ) ដែលឥឡូវជាឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹង ដែលបានបង្កើតនឹងដឹកនាំគណបក្សនៅពេលដែលលោក​ អានវ៉ារ​ ស្ថិតនៅក្នុងពន្ធនាគារ ។

លោក មហាធៀរ បានសន្យាថា លោក នឹងគ្រប់គ្រងប្រទេសនេះ ក្នុងពេលប្រហែល ២ឆ្នាំ ហើយ នឹងទុកតំណែងនាយករដ្ឋមន្ត្រីនេះឱ្យលោក​ អានវ៉ារ ដែលត្រូវបានលើកលែងទោសដោយ​ព្រះមហាក្សត្រ ម៉ាឡេស៊ី នឹងត្រូវបានគេដោះលែងចេញពន្ធនាគារបន្ទាប់ពីការបោះឆ្នោត ។ គេរាយការណ៍ថា លោក​ អានវ៉ារ នឹងវិលត្រឡប់ទៅកាន់សភាវិញ តាមរយៈការបោះឆ្នោត ពិសេស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )