​ក្រសួងការបរទេសកូរ៉េខាងត្បូងសោកស្តាយមិនបានចូលរួមនៅក្នុងកិច្ចចរចា ជាផ្លូវការជាមួយកូរ៉េខាងជើងនៅវេទិកាតំបន់អាស៊ាន(ARF)

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង​លោកស្រី កាង​យ៉ុង-វ៉ា បាននិយាយកាលពីថ្ងៃអាទិត្យ​ថា ខ្លួនបានសោកស្តាយដែលថា លោកស្រីមិនអាចធ្វើកិច្ចចរចាទ្វេភាគី ជាមួយសមភាគីកូរ៉េ​ខាង​ជើង​របស់​លោកស្រី នៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែបានបន្ថែមថា លោកស្រីគោរពតាម​ការ​សម្រេចចិត្តរបស់លោកស្រី។
វេទិកាតំបន់អាស៊ានប្រចាំឆ្នាំ(ARF) បានធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃ​សៅរ៍ ដែលបានផ្តល់នូវឱកាសដ៏កម្រមួយ​សម្រាប់ពួកមន្រ្តីការទូត​នៃប្រទេសកូរ៉េទាំងពីរ ក្នុង​ការ​ជួបគ្នា​ដូចនេះ។

វេទិកានេះ បានធ្វើឡើងចំពេលដែលអារម្មណ៍សន្តិភាពមួយនៅកក្នុងតំបន់អាស៊ី​ភាគ​ឦសាន ដែលបានរំលេចទៅដោយកិច្ចប្រជុំកំពូលអន្តរកូរ៉េទាំងពីរ នៅភូមិជាប់ព្រំដែន ប៉ានមុនហ្សូម កាលពីរដូវរងារ និងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ក្នុងប្រទេសសិង្ហបុរី កាល​ពី​​ថ្ងៃទី១២ ខែមិថុនាកន្លងទៅ។ លោកស្រីកាង បានស្នើឱ្យមានកិច្ចចរចា « មួយទល់នឹងមួយ​ »ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង​លោក រី យ៉ុង-ហូ ខណៈពេលដែលគាត់បានចូល​រួម​កិច្ចប្រជុំARF។

ពួកគេបានជួបមុខគ្នាទៅវិញទៅមក នៅឯនៅអាហារថ្ងៃត្រង់មួយ និងការផ្តល់យោបល់​ផ្នែកពាណិជ្ជកម្ម។ លោកស្រីបានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេល​ការធ្វើសេចក្តីសង្ខេបពីលទ្ធផលនៃសកម្មភាពនានា រយៈពេលមួយសប្តាហ៍របស់លោកស្រីថា យើងបានធ្វើសេចក្តីសង្ខេបមួយ ដោយការធ្វើកិច្ចសន្ទនាគ្នាដោយភាពស្មោះត្រង់។ យើងមានការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកស្តីអំពីស្ថានការណ៍សន្តិសុខនៅឧបទ្វីបកូរ៉េ និង កិច្ចទំនាក់ទំនងកូរ៉េខាងជើង-ខាងត្បូងផងដែរ។

ប៉ុន្តែលោក រី​ បានបដិសេធពីការផ្តល់យោបល់របស់លោកស្រី កាង សម្រាប់កិច្ចប្រជុំ​ជាផ្លូវការ មួយ។ លោក រី ត្រូវបានគេដកស្រង់សម្តីដែលនិយាយថា លោកមិនមានតួនាទីក្នុង​ការ​ទទួលសំណើនៃកិច្ចពិគ្រោះយោបល់ណាមួយនោះទេ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល​)