អឺរ៉ុបប្រគល់យន្តហោះ​ ATR 5 គ្រឿងទៀតឱ្យអ៊ីរ៉ង់ ទោះបីមានការកៀបសង្កត់របស់អាមេរិកក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មាន IRNA ផ្លូវការរាយការណ៍ថា សហគ្រាសផលិតយន្តហោះបារាំង អ៊ីតាលី ATR បានប្រគល់យន្តហោះប្រើកង្ហាល់ចំនួន៥ គ្រឿងទៀតទៅឱ្យប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ។

យន្តហោះដឹកអ្នកដំណើរ ATR 72-600 បានចុះចតនៅឯព្រលានយន្តហោះ Mehrabad អន្តរជាតិ ក្រុងតេហេរ៉ង់ កាលពីព្រឹកថ្ងៃអាទិត្យមួយថ្ងៃនៅមុនការដាក់ទណ្ឌកម្មឡើងវិញរបស់ ស.រ.អា ជាលើកដំបូងលើអ៊ីរ៉ង់ ។

សេចក្តីប្រកាសរបស់ក្រុមហ៊ុន Iran Air បាននិយាយថា អាជ្ញាប័ណ្ណហោះហើរ ត្រូវបានគេចេញសម្រាប់យន្តហោះដឹកអ្នកដំណើរ ATR ដើម្បីចូលរួមនៅក្នុងកងរបស់ក្រុមហ៊ុនយន្តហោះ Iran Air ។

កាលពីខែមេសា ឆ្នាំ ២០១៧ ក្រុមហ៊ុន Iran Air បានចុះហត្ថលេខាលើកុងត្រាមួយ ជាមួយ ATR ដើម្បីទិញយន្តហោះដឹកអ្នកដំណើររយៈចម្ងាយខ្លី ចំនួន២០គ្រឿង ដែលមានតម្លៃ៥៧៦ លានដុល្លារ ។ អ៊ីរ៉ង់បានទទួលរួចហើយយន្តហោះ ATR 72-600 ចំនួន ៨ គ្រឿងនឹងបានដាក់ពង្រាយយន្តហោះទាំងនោះ នៅក្នុងជើងហោះក្នុងស្រុក ។

បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ( Donald Trump ) ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលគេស្គាល់ផងដែរថា ផែនការសកម្មភាពដ៏ទូលំទូលាយរួម ( JCPOA ) កាលពីក្នុងខែឧសភានោះ ក្រុងវ៉ាស៊ីងតោនកំពុងព្យាយាមដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ ដែលមានបំណងរាំងខ្ទប់កិច្ចការជំនួញហិរញ្ញវត្ថុអន្តរជាតិរបស់អ៊ីរ៉ង់ ព្រមទាំងការកាត់បន្ថយការនាំចេញប្រេងអ៊ីរ៉ង់ឱ្យទៅដល់កម្រិតសូន្យ ។

នៅក្រោម JCPOA អ៊ីរ៉ង់បានដាក់កំណត់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងការប្តូរយកសម្រាប់ការ លុបចោលទណ្ឌកម្មទាក់ទងនឹងនុយក្លេអ៊ែរ ដែលបានដាក់លើក្រុងតេហេរ៉ង់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )