រុស្ស៊ីចាប់ផ្តើមតម្លើងពន្ធលើទំនិញពីអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.០៨.១៨)

រុស្ស៊ី៖ យោងតាមរដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃអាទិត្យបានឲ្យដឹថារុស្ស៊ីបានចាប់ផ្តើមតម្លើងពន្ធនាំចូលបន្ថែមទៀតពី ២៥ ទៅ ៤០ ភាគរយលើទំនិញនាំចូលរបស់អាមេរិក។

នាយករដ្ឋមន្ត្រីរុស្ស៊ីលោកឌីមី ម៉េដវេដេវ ​កាលពីខែមុនបានចុះហត្ថលេខាលើបទបញ្ជារបស់រដ្ឋាភិបាលដែលបានកំណត់ពន្ធថ្មីដោយចែងថាវានឹងមានប្រសិទ្ធិភាព ៣០ ថ្ងៃបន្ទាប់ពីការចេញផ្សាយជាផ្លូវការរបស់ខ្លួននៅថ្ងៃទី ៦ ខែកក្កដា។

ការតម្លើងពន្ធថ្មីនេះជាការសងសឹកតបនឹងការតម្លើងពន្ធរបស់អាមេរិកចំនួន ២៥ ភាគរយលើផលិតផលដែកនិង ១០ភាគរយលើអាលុយមីញ៉ូមដែលចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី ២៣ខែមីនាកន្លងមកដែលមានផលប៉ះពាល់ទៅលើឧបករណ៍សំណង់សំរាប់ផ្លូវ, ប្រេងនិងឧស្ម័ន, គ្រឿងម៉ាស៊ីនកែច្នៃលោហៈ, ក៏ដូចជាគ្រឿងអេឡិចត្រូនិចផងដែរ។