ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យអ្នកវិនិយោគបរទេសទាំងអស់ចាប់អារម្មណ៍ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ​ឆ្នាំ២០១៨ –ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអ្នកវិនិយោគទុនបរទេសទាំងអស់ចាប់អារម្មណ៍ប្រទេសកម្ពុជា ជាកោះសន្តិភាព សន្ដិសុខ សុវត្ថិភាព និងអំណោយផលគ្រប់យ៉ាងសម្រាប់ការវិនិយោគគ្រប់វិស័យ

នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង កាលពីព្រឹកថ្ងៃអាទិត្យ ០៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីបើកសម្ពោធគម្រោងអភិវឌ្ឍន៍លំនៅឋារបស់ក្រុមហ៊ុនអចលនទ្រព្យលីងណាន ហ្គាដិន របស់ប្រទេសចិនដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមតំណាងឱ្យអាជ្ញាធរដែនដី លោកសូមចូលអបអរសាទរចំពោះគម្រោងវិនិយោគនេះ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំទាក់ទាញការវិយោគទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើនទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់វិនិយោគិន។ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនលីងណានដែលបានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញ ក្នុងគម្រោងអភិវឌ្ឍន៍អគារមជ្ឈមណ្ឌលលំនៅឋានចម្រុះ ឯកឧត្ដមបន្តថា សម្រាប់ឆ្នាំ២០១៨នេះ តម្លៃអចលនទ្រព្យទាំងមុន និងក្រោយការបោះឆ្នោត គឺនៅតែរក្សាស្ថិរភាព និងធ្វើឱ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត៕

ដោយសួស សំរិត