ប្រមុខរាជរដ្ឋាភិបាល ផ្ដល់អនុសាសន៍ដល់កីឡាករកីឡាការិនីកម្ពុជាមុនចេញទៅប្រកួត Asian Games នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអត្ដពលិក និងកីឡាករ កីឡាករិនី ព្រមទាំងគណៈប្រតិភូជាង ៧០នាក់ ចូ ​​ជួបសម្ដែងការគួសម និងទទួលនូវអនុសាសន៍ មុននឹងចេញទៅប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះវិមានសន្តិភាព។

តាមការឱ្យដឹងរបស់អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន តែងតែមានជំនួបជាមួយអត្តពលិក កីឡាករ កីឡាករិនី គ្រូបង្វឹ និងប្រតិភូកីឡាមុនឹងពួកគេចេញទៅចួលប្រកួតថ្នាក់តំបន់ ឬថ្នាក់អន្តរជាតិ ដូចជា Asain  Games ជាដើម ដើម្បីផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន។ ជាពិសេសរម្លឹកដល់គ្រប់កីឡាករ-កីឡាការិនីជាតិ ត្រូវគោរពឱ្យបាននូវក្រមសីលធម៌ និងបទបញ្ជាការប្រកួត កុំឱ្យមានការំលោលើការប្រកួត ឬការប្រើប្រាស់សារធាតុហាមឃាត់ជាដើម ពោលគឺទោះបីឈ្នះ ឬចាញ់ ត្រូវរក្សាកិត្តិយសជាតិ សេចក្ដីថ្លៃថ្នូរបស់ជាតិឱ្យបាន។ បន្ថែមពីលើនោះ រាល់ការជួបសំណេះសំណាល សម្ដេចតេជោ ក៏តែងតែចំណាយធនធានផ្ទាល់របស់សម្ដេច ដើម្បីលើកទឹកចិត្តដល់គ្រប់អត្តពលិកផងដែរ ហើយក្រោយបញ្ចប់ការប្រកួត សម្រាប់អ្នកដណ្ដើមបានមេដាយ នឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើន ពីរាជរដ្ឋាភិបាលទៀតផង ដែលជាកាយវិការបង្ហាញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡារបស់ជាតិ។

គួរបញ្ជាក់ថា កីឡាករ-កីឡាការិនី ចំនួនជាង ៧០នាក់ ដែលសម្រិតសម្រាំង​ត្រៀម​បញ្ជូ​ន​ទៅ​ប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា រហូ​ត​ដល់​ថ្ងៃ​ទី០២ ខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះ មានវិញ្ញាសា ១៣ប្រភេទកីឡា ដែលក្នុងនោះ មាន កីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង៕

ដោយជឹម ណារី