គ.ជ.ប ផ្ទៀងផ្ទាត់ និងរាប់សន្លឹកឆ្នោតឡើងវិញ ដើម្បីបង្ហាញពីភាពយុត្តិធម៌

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក វ៉ាង ភក្តី រូបថត លោក ចនណារិទ្ធ៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅរសៀលថ្ងៃទី៤ ខែសីហានេះ បានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឡើងវិញ បន្ទាប់ពីមានការរិះគន់មួយចំនួនរបស់គណបក្សនយោបាយ។

ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ ដែលធ្វើនៅទីស្នាក់ការ គ.ជ.ប នេះ ត្រូវបានបែងចែកជា៤ក្រុមធំៗ រួមមាន៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល, ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត, ក្រុមកំណត់បែងចែកអាសនៈ និងក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។

ចំណែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។

គ.ជ.ប បានប្រកាសថា ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតឡើងវិញនេះ ត្រូវធ្វើរហូតដល់បញ្ចប់ជាស្ថាពរ។

យោងតាមការប្រកាសលទ្ធផលបឋមរបស់គ.ជ.ប បង្ហាញថា ចំនួនអ្នកចេញទៅបោះឆ្នោតឆ្នាំ២០១៨នេះ ចំនួនអ្នកទៅបោះឆ្នោតមានជាង៦លាន៩៤ម៉ឺននាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រជាង៤លាន៨៧ម៉ឺនសំឡង ស្មើនឹង៧៦,៧៨។

បើតាមការឱ្យដឹងពីលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការប្រកាសលទ្ធផលបណ្តោះអាសន្ន នឹងត្រូវធ្វើតាមការគ្រោងទុកនៅថ្ងៃទី១១ ខែសីហា ចំណែកលទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ក្នុងករណីគ្មានបណ្តឹងតវ៉ាឱ្យមានការបោះឆ្នោតសារជាថ្មី ប៉ុន្តែបើសិនជាមានបណ្តឹងតវ៉ា នឹងត្រូវប្រកាសនៅថ្ងៃទី១០ ខែកញ្ញា ក្នុងករណីបិទផ្លូវបណ្តឹងតវ៉ានៅ ត្រឹមក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបន្តថា ក្រោយប្រកាសលទ្ធផលផ្លូវការរួចរាល់ ទើបអាចគណនាបែងចែកអាសនៈរបស់គណបក្សនយោបាយនៅក្នុងរដ្ឋសភាបាន៕