អាជ្ញាធររាជធានីភ្នំពេញ សាងសង់រូបសំណាក ភិរម្យ ង៉ុយ សម្រេចបាន៧០ភាគរយ និងស្ទូចដំឡើងរូបសំណាកឆ្លាក់រួច នៅសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨–  អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចសាងសង់រូបសំណាក អ្នក កវីប្រជាប្រយ៍ ភិរម្យ ង៉ុយ ដែលស្ថិតនៅ រង្វង់មូល សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ដែលរហូតមកដល់ពេលនេះ សម្រេចបាន ៧០ភាគរយហើយ និងគ្រោងនឹងស្ទូចដំឡើងរូបសំណាកពីថ្មភក់ឆ្លាក់រួច នៅសប្តាហ៍ក្រោយនេះ។ ក្នុងឱកាសចុះពិនិត្យការដ្ឋាន កាលពី ថ្ងៃទី០៣ សីហា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុ ដែលអាជ្ញាធររាជ ធានី សម្រេចសាងសង់ រូបសំណាក់ អ្នកកវីប្រជាប្រិយ៍ ភិរម្យ ង៉ុយ ដែលស្ថិតក្នុងរង្វង់មូល នៅសង្កាត់ឪឡោកនេះក្នុងគោលបំណង ចង់បង្ហាញ ប្រាប់ទៅកូនចៅជំនាន់ក្រោយៗ បានឃើញ បានដឹង បានលឺ ពីប្រវត្ដិសាស្ដ្ររបស់លោកតាកាលពីជំនាន់នោះ មានអ្នកខ្លាំង ពូកែ​ពិតប្រាកដ ។ ឯកឧត្តមបានបន្ដថា រហូតមកដល់ពេលនេះ អាជ្ញាធរ និងខិតខំជំរុញ ការងារ សាងសង់ឱ្យបានលឿន ស្របពេលដែលការដ្ឋាននេះសម្រេចបាន ៧០ភាគរយ ហើយនោះ។

សូមបញ្ជាក់ថា កន្លងមកនេះ អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពផ្លូវ២ខ្សែ នៅជាប់ការដ្ឋានសាង សង់រូបសំណាក កវីប្រជាប្រិយ៍ ភិរម្យ ង៉ុយ នេះ ដោយខ្សែទី១ ជាផ្លូវទួលលាភ ក្នុងភូមិសាស្ត្រភូមិត្រពាំងត្នោត ភូមិត្រពាំងអារក្ស ដោយចាប់ពីរង្វង់មូល លោកតា ក្រម ង៉ុយ ទៅដល់ភូមិត្រពាំត្នោយ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជា ប្រភេទផ្លូវបេតុងមានប្រវែងជាង២.៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ។ ចំណែកផ្លូវ១ខ្សែទៀត ក៏ចេញ ពីរង្វង់មូលលោកតា ក្រម ង៉ុយដែរ ឆ្ពោះទៅវត្តអង្គស្តុប ជាប់ព្រំប្រទល់ផ្លូវលេខ៤២ មានប្រវែង ១.០០០ម៉ែត្រ ដោយនឹងត្រូវសាងសង់ជាប្រភេទផ្លូវបេតុងមានទទឹង៥ម៉ែត្រ ដូចគ្នា ៕

ដោយ សួស សំរិត