សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ ក្រុងសៀមរាប ជួយជួសជុលផ្លូវគ្រួសក្រហម១ខ្សែជួនប្រជា ពលរដ្ឋនៅក្នុងភូមិខ្នារ

AKP សៀមរាប ថ្ងៃទី០៤ ខែសីហា ឆ្នំា២០១៨– ផ្លូវគ្រួសក្រហម១ខ្សែប្រវែងជាង១.០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ចាប់ពីផ្លូវបំបែករ៉ាសសំាងផ្សារខ្នារទៅទល់ និងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប ដែលរងការខូចខាតខ្លាំង បង្កការលំបាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ត្រូវបាន លោក គង់ ប៊ឹប សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ ចំណាយថវិកាផ្ទាល់ខ្លួនក្នុងការជួយជួស ជុលផ្លូវ១ខ្សែនេះឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ធ្វើដំណើរមានភាពងាយស្រួល ជាងមុន។

លោក គង់ ប៊ឹប បានថ្លែងថា ការជួសជុលផ្លូវថ្នល់ ដោយឃើញថា ផ្លូវនេះគឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ មានផ្លូវ មានក្តីសង្ឃឹម។ ហើយលោកសុខចិត្តចំណាយ ថវិកាផ្ទាល់ខ្លួនក្នុងការជួយជួសជុលផ្លូវ១ខ្សែនេះ បើទោះបីវាមិនបានស្អាតដូចផ្លូវធ្វើថ្មី ឬដូចផ្លូវ ចាក់កៅស៊ូក៏ពិតមែន ប៉ុន្តែការជួសជុលនេះ បានជួយធ្វើឱ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរ ឆ្លងកាត់ ផ្លូវនេះរាល់ថ្ងៃមានភាពងាយស្រួលជាងមុន ជាពិសេសក្មេងៗសិក្សានុសិស្ស ដែលធ្វើដំណើរ ទៅរៀនរាល់ថ្ងៃ។ លោកបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះ មានសារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋភូមិខ្នារ និងប្រជាពលរដ្ឋទូទៅក្នុងការទំនាក់ទំនងគ្នា ងាយស្រួលដឹក កសិផលទៅកាន់ទីផ្សារ ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សា នុសិស្សទៅកាន់សាលារៀន ជួយសម្រួលនិងកាត់បន្ថយការលំបាកជូនអ្នកជំងឺនិង ស្រ្តីឆ្លងទន្លរសម្រាលកូនទៅកាន់មណ្ឌលសុខភាពពេលយប់ព្រលប់ជាដើម។

លើសពីនេះទៀត ផ្លូវនេះក៏ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ខេត្តសៀមរាបផងដែរ ព្រោះនូវរាល់រថយន្តដឹកទំនិញធំៗអាជ្ញាធរហាមមិនឱ្យចូលក្រុងទេ តែរថយន្តទាំងនោះអាច ដឹកទំនិញបើកឆ្លងកាត់តាមផ្លូវនេះ ដើម្បីទៅផ្ទេរទំនិញនៅជិតក្រុងបាន។

ប្រជាពលរដ្ឋនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប អំពាវនាវឱ្យអាជ្ញាធរខេត្ត ឬរាជរដ្ឋាភិបាលជួយស្ថាបនាផ្លូវនេះទៅជាផ្លូវកៅស៊ូ ព្រោះផ្លូវនេះជាសសៃឈាមដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ និងឃុំកណ្តែក ស្រុកប្រាសាទបាគង ក្នុងការទំនាក់ ទំនងគ្នា ងាយស្រួលដឹកកសិផលទៅ កាន់ទីផ្សារ និងដឹកទំនិញផ្សេងៗ៕

ដោយ ឃុត សៅ