រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រកាសបង្កើតមូលនីធិដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងស្រុកកោះសូទិន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រកាសបង្កើតរបបមូលនីធិជួយដល់អ្នកជំងឺ អ្នកសម្រាលកូន និងក្រុមគ្រួសារដែលមានសាច់ញាតិស្លាប់ សម្រាប់ប្រជាពលរដ្ឋនៅក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីជួយសម្រាលការលំបាកនិងការចំណាយរបស់ប្រជាពលរដ្ឋ។

ឯឧ.ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាកជាតិចុះជួយ ស្រុកោះសូទិន ខេត្តកំពង់ចាមបានអៈអាងថា ចាប់ពីពីពេលនេះទៅក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកកោះសូទិននឹងផ្តល់ប្រាក់ឧត្ថម្ភចំនួន១០ម៉ឺនរៀលដល់អ្នកដែលសម្រាលកូនរួច ១០ម៉ឺនរៀល សម្រាប់អ្នកមានជម្ងឺ និង១០ម៉ឺនរៀលឬច្រើនជាងនេះ សម្រាប់ចូលរួមបុណ្យសពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះសូទិន។ ឯឧ.បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលឈឺ ធ្ងន់ធ្ងរដែលត្រូវសម្រាកនៅមន្ទីរពេទ្យខេត្តឬនៅរាជធានីភ្នំពេញ ក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកោះសូទិន នឹងបន្តជួយឧត្ថម្ភបន្ថែមទៀត ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលប្រឈមនឹងការខ្វះខាតជីវភាពជាដើម។

ក្នុងពិធីជួបសំណេះសំណាល និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួន១៥៦គ្រួសារ ស្ថិតនៅក្នុងភូមិកំពុងឪជ្រឹង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គនៅព្រឹកថ្ងៃទី ៤ ខែសីហានេះ ឯឧ.ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ការសម្រេចបង្កើតរបបមូលនីធិនេះឡើង ដោយមើលឃើញពីតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋផង និងបង្ហាញពីការយកចិត្តទុកដាក់ដឹងសុខដឹងទុក្ខរបស់រាជរដ្ឋាភិបាល ទៅដល់បងប្អូនប្រជាពលរដ្ឋនៅនឹងមូលដ្ឋានផង។

សូមបញ្ជាក់ថា គម្រោងរបបមូលនីធីរបស់ឯឧ.ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិននេះ នឹងអនុវត្តគ្រប់ប្រជាពលរដ្ឋ ទំាងអស់នៅក្នុងស្រុកកោះសូទិនហើយមានរយៈពេល៥ឆ្នាំទៅមុខទៀត៕