ប្រជាពលរដ្ឋឃុំពង្រជាង១៥០គ្រួសាររងគ្រោះដោយសារទឹកជំនន់ទទួលបានជំនួយមនុស្សធម៌ពីឯកឧត្តមខៀវកាញារីទ្ធ និងលោក ជំទាវ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ក្រុមការងារវិទ្យុជាតិ ៖

ប្រជាពលរដ្ឋជាង១៥០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គស្ថិតនៅក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមបានទទួលជំនួយមនុស្សធម៌មួយចំនួនពីឯឧ.ខៀវ កាញារីទ្ធរដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងឯឧ.ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក វិទ្យុជាតិកម្ពុជា ដើម្បីចូលរួមជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនជនរងគ្រោះទំាងនោះបានមួយកម្រិត ខណៈបញ្ហា ទឹកជំនន់បានធ្វើអោយប្រជាពលរដ្ឋទំាងនោះជួបការលំបាកនៅក្នុងជីវភាពប្រចាំថ្ងៃ។

ឯឧ.ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជា និងជា ប្រធានក្រុមការងារចុះជួយឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមបានឲ្យដឹងថា ប្រជាពលរដ្ឋ ចំនួន១៥៦គ្រួសារដែលទទួលបានជំនួយមនុស្សធម៌នាពេលនេះ មកពីភូមិកំពង់ឪជ្រឹង ដែល កំពុងរងការជន់លិចខ្លាំងដោយជំនន់ទន្លេមេគង្គ។ឯឧ.មានប្រសាសន៍បន្តថា អំណោយដែល បានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅព្រឹកថ្ងៃទី៤ ខែសីហានេះ មានដូចជា អង្ករ ក្រណាត់តង់ មុងជ្រលួកថ្នាំ មី ទឹកត្រី ទឹកស៊ីអ៊ីវ ថ្នាំដុសធ្មេញ និងប្រាក់ឧបត្ថម្ភមួយចំនួន ទៀត។

ឯឧ.ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាមបានមានប្រសាសន៍ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនជនរងគ្រោះដោយទឹកជំនន់នាពេលនេះ នឹងបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទំាងអស់នេះបានមួយកម្រិតផងដែរ។ ឯឧ.បានបញ្ជាក់ថា សកម្មភាពមនុស្សទំាងនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងក្រុមការងារចុះជួយស្រុកកោះសូទិន ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ហើយមិនអាច ចេញ ទៅប្រកបរបរអ្វីបាន ដោយទាមទារអោយមានការផ្តល់ជំនួយមនុស្សធម៌បន្ទាន់សម្រាប់ដោះស្រាយជីវភាពក្នុងរដូវទឹកជំនន់នេះ។

ឯឧ.ខៀវ កាញារីទ្ធក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទំាងអស់បន្តបង្កើនការប្រុងប្រយត្ន័ចំពោះបញ្ហាសុវត្ថិភាព និងសុខភាព ដើម្បីបញ្ជៀសផលប៉ៈពាល់នានា ដែលកកើតឡើងជាយថាហេតុក្នុងរដូវទឹកជំនន់នេះ។

លោកអៀវ ឧត្តម ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងភូមិកំពង់ឪជ្រឹងបានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួលបានអំណោយមនុស្សធម៌នាពេលនេះ ថាបាន ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នេះបានច្រើន ក្នុងបន្ទុកជីវភាពប្រចាំថ្ងៃ ដោយសារតែទឹកជំនន់នេះប្រជាពលរដ្ឋមួយចំនួនមិនអាចចេញទៅ ប្រកបមុខរបស់អ្វីបានសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារឡើយ។

លោក ខឹម ប៉ោ ទៀង មេឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានអោយដឹងថា បច្ចុប្បន្ន ប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ឪជ្រឹងនេះ ត្រូវបានជម្លៀសទៅ កាន់ទីទួលសុវត្ថិភាព នោះ អាជ្ញាធរពាក់ព័ន្ធបានអន្តរាគមន៍ជួយសង្គ្រោះបានបណ្តើរៗ ដូចជា ផ្តល់សេវាសុខាភិបាលចែកថ្នាំដល់ប្រជាពលរដ្ឋ និងស្បៀងអាហារមួយចំនួនទៀតសម្រាប់ ប្រជាពលរដ្ឋទីទ័លក្រជាដើម។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅរដូវទឹកឡើងភូមិកំពង់ឳជ្រឹង ស្ថិតនៅក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមតែងតែជន់លិចខ្លំាងជាងគេដោយជំនន់ទន្លេមេគង្គ ដែលមានកំពស់ទឹកលិចភូមិរហូតដល់ជាង២ម៉ែត្រ ដែលធ្វើអោយ លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋពិបាករស់នៅក្នុងជីវភាពប្រចាំថ្ងៃឬការធ្វើចរារណ៍ទៅមកដោយ មធ្យោបាយទូកជាដើម៕