សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល​ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ​ចំនួន ៣.៥០០គ្រួសារ​ នៅស្រុកកំពង់សៀម​

AKP កំពង់ចាម ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨–​នាព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥​៦២ ​ត្រូវនឹងថ្ងៃ ទី០៣ ខែសីហា ឆ្នាំ២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា​ បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់ អំណោយមនុស្សធម៌ ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ចំនួន​ ១.៥៤៨គ្រួសារ​ ដែលរស់នៅ ភូមិចំនួន៨ ក្នុងឃុំកោះសំរោង​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម។​

នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់កាកបាទក្រហមកម្ពុជា បានចេញផ្សាយនាថ្ងៃ០៣ ខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការនឹករលឹក និងក្តីស្រឡាញ់ជ្រាលជ្រៅជាមួយប្រជាពលរដ្ឋទាំងអស់​ និងបាននាំមកនូវអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ​ប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ​ ជាពិសេស​ក្នុងទិវា​ ៨​ ឧសភា។
​ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរ​ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា-អនុសាខា​កាកបាទក្រហមកម្ពុជា ​ឱ្យបន្តចុះតាមដាន​ និងបំពេញតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ស្រុក ភូមិ ឃុំ ដែលពិបាក និងមានការខ្វះខាតខ្លាំងឱ្យបានទាន់ពេលវេលា​ ទាំងក្នុងពេលទឹកឡើង​ និងពេលទឹកស្រកទៅវិញ។​

នៅក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់​ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហា​សុខភាព​ រស់នៅមានអនាម័យ​ ដោយប្រើប្រាស់ទឹកស្អាត​ និងពិសាទឹកដាំពុះ​ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ​ ហើយឆាប់ប្រកបមុខរបរ​បង្កបង្កើនផល​ដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញ នៅក្រោយពេលទឹកស្រក។​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នកុមារតូចៗដែលងាយគ្រោះថ្នាក់ដោយសារទឹកជំនន់​ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរដោយប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពនៅពេលធ្វើដំណើរ។

អំណោយដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម កម្ពុជា​យកទៅចែកជូននាពេលនោះ ដោយគ្រួសារនីមួយៗទទួលបាន​អង្ករ ៣០គ.ក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​នៅទទួលបានក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ជាមួយនឹងការចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ១.៥៤៨គ្រួសារ​ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់​ទៅតាមតំបន់គោលដៅរងគ្រោះ​នូវ​ស្បៀង​ និងសម្ភារប្រើ ប្រាស់​សម្រាប់ប្រជាពលរដ្ឋ​ ១.៩៥២គ្រួសារ ព្រមទាំង​ តង់ចំនួន​ ២០០​ផ្ទាំង​ និងរទេះជនពិការចំនួន​ ១០គ្រឿង​ផងដែរ។

​ឆ្លៀតក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តឥន្ទកោសី ចុងកោះជ្រូក ដែលជាទីតាំងប្រារព្ធពិធីស្ថិតនៅភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាមផងដែរ។
​គួររម្លឹកថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន២.៥០០គ្រួសារ នៅខេត្តត្បូងឃ្មុំ ក៏បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា កាលពីថ្ងៃថ្ងៃព្រហស្បតិ៍ ម្សិលមិញផងដែរ៕

ដោយ សាយ សុន