អាជ្ញាធររាជធានី នឹងស្ថាបនាផ្លូវ ដាក់លូចំនួន ៨ខ្សែ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ចំនួន២ ក្នុងខណ្ឌពោធិសែនជ័យ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ រូបថត លោក ចន ណារិទ្ធ៖

អាជ្ញាធររាជធានីភ្នំពេញ នឹងស្ថាបនា ផ្លូវដាក់លូចំនួន៨ខ្សែ ជូនប្រជាពលរដ្ឋ ក្នុងសហគមបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ និងប្រជាពលរដ្ឋ នៅក្នុងភូមិដូកុក សង្កាត់បឹងធំ ក្នុងខណ្ឌពោធិសែនជ័យ បន្ទាប់ពីតំបន់នោះ រងការជន់លិចលង់ដោយទឹកជំនន់ និងលិចលង់នៅពេលវស្សា។

ក្នុងពិធីចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅសហគមបុរីសន្តិភាព២ក្នុងសង្កាត់ចោមចៅទី២ និងពិនិត្យមើលផ្លូវខូចខាតដោយទឹកជំនន់ នៅក្នុងភូមិដូកុក ខណ្ឌពោធិសែនជ័យ កាលពីព្រឹក ថ្ងៃទី០៣ សីហា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៏ថា សាលារាជធានីភ្នំពេញ នឹងស្ថាបនា ផ្លូវបេតុង នឹងដាក់លូ ចំនួន៧ ខ្សែមានប្រវែងសរុប ៣២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅក្នុងសហគមបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅទី២។ឯកឧត្តមអភិបាលបញ្ជាក់ថាផ្លូវនៅក្នុងតំបន់បុរីនេះ ពីមុនធ្លាប់បានធ្វើជូនរួចហើយដែរ តែត្រូវបានខូចខាតទៅវិញ ដោយជំនន់ទឹកភ្លៀងហូរច្រោះ លិចខ្លាំង ដែលធ្វើឲ្យមានការខូចខាត ហើយផ្លូវទាំងនេះ មានក៏អាយុកាលប្រើប្រាស់បានជាង៤ឆ្នាំមកហើយដែរ ដូច្នេះ ក្នុងនាមអាជ្ញាធរត្រូវតែទទួលខុសត្រូវធ្វើជូនបងប្អូន។

ឯកឧត្តម អភិបាលបញ្ជាក់ថា នេះគឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អជូនប្រជាពលរដ្ឋ ក្នុងតំបន់របស់ខ្លួនកាន់កាប់។ Clip:ខ្ញុំបាទយកចិត្តទុកដាក់លើការរៀបចំហេដ្ឋរចនាសម្ព័ន្ធជូនប្រជាជនទូទាំងរាជធានី នៅក្នុងនោះមានលូប្រឡាយ ក៏ដូចជាផ្លូវថ្នល់ទៅតាមគោលនយោបាយរបស់សម្តេចតេជោហ៊ុនសែន ដែលបានដាក់ចុះ និងណែនាំផ្តល់អនុសាស្រ្តដល់រាជធានី ខេត្ត ទាំង២៥ នៅក្នុងនោះមានសហគមន៏ក្រីក្រដែលងាយរងគ្រោះ ត្រូវតែពិនិត្យនិងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអ្នកបំរើដ៏ល្អរបស់ប្រជាពលរដ្ឋ។ចំណុននេះហើយដែលរដ្ឋបាលរាជធានីភ្នំពេញបានចុះជារៀងរាល់ថ្ងៃ សប្តាហ៏និងនៅក្នុងបូរីសន្តិភាពនេះ ។

លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២បានលើកឡើងថា ក្នុងសហគមនេះ ពេលមានភ្លៀងធ្លាក់ម្តងៗ ទឹកតែងតែលិចលង់ ដោយសារផ្លូវដែលបានស្ថាបនាកាលពី៤ឆ្នាំមុន គឺមានប្រព័ន្ធលូតូចៗ ធ្វើឲ្យលំហូរទឹកហូរចូលទៅប្រឡាយ និងចូលលូមិនទាន់។ លោកបន្តថា ឆាប់ៗខាងមុខនេះ នៅពេលសាលារាជធានីភ្នំពេញ ចាប់ផ្តើមស្ថាបនាផ្លូវទាំងនេះឡើងវិញ គឺសហគមន៏អស់មានបញ្ហាកើតឡើងហើយ។

ដោយឡែកផ្លូវ១ខ្សែ ប្រវែងជាង១ពាន់ម៉ែត្រ នៅភូមិដូកុក ក្នុងសង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ដែលសាលារាជធានីភ្នំពេញ នឹងត្រូវស្ថាបនាជូននោះ លោក អភិបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា គឺជាផ្លូវដីនៅស្របតាមដងស្ទឹងព្រែកត្នោត ដែលមានប្រជាពលរដ្ឋរស់នៅ ប្រមាណមានជាង៧០គ្រួសារ។ លោក អភិបាលបញ្ជាក់ថា ផ្លូវជាង១ពាន់ម៉ែត្រនេះ គឺធ្វើតភ្ជាប់រហូតដល់ព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល ត្រូវធ្វើជាផ្លូវបេតុង ដើម្បី ជូនបងប្អូន អាចធ្វើដំណើរបានស្រួលជាងមុន៕