ពួកអ្នករក្សាសន្តិភាព អ.ស.ប ត្រឡប់ទៅកាន់ខ្សែបន្ទាត់ដកថយ នៅចន្លោះស៊ីរីនិងទឹកដីដែលអ៊ីស្រាអែលកាន់កាប់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ — កន្លែងសង្កេតមើលសង្គ្រាមមួយរាយការណ៍ពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសង្កេតមើលការដកថយអ.ស.ប ( UNDOF ) បានវិលត្រឡប់ទៅកាន់ទីតាំងរស់ខ្លួនវិញ នៅលើខ្សែបន្ទាប់បែងចែក រវាងប្រទេសស៊ីរីនិងខ្ពង់រាបហ្គោឡង់ ដែលអ៊ីស្រាអែលកាន់កាប់បន្ទាប់ពីចាកចេញពីទីតាំងនេះនៅក្នុងឆ្នាំ២០១៤ ។
កន្លែងសង្កេតមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា រថយន្ត UNDOF ត្រូវបានគេមើលឃើញវិល ត្រឡប់ទៅកាន់កន្លែងឆ្លងកាត់រវាងខេត្ត Quneitra ប្រទេសស៊ីរីភាគខាងត្បូងនិងខ្ពង់រាបហ្គោឡង់ ដែល អ៊ីស្រាអែលកាន់កាប់កាលពីថ្ងៃព្រហស្បតិ៍ ។

ក្រុមសង្កេតមើលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ប៉ូលិសយោធារុស្ស៊ីនិងកង កម្លាំងស៊ីរីត្រូវបានគេដាក់ពង្រាយនៅ Quneitra នឹងនៅក្នុងតំបន់ដកថយបន្ទាប់ពីខេត្ត Quneitra ទាំងមូល បានត្រឡប់មកស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលវិញនោះ ។

UNDOF បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ ២០១៤ បន្ទាប់ពីក្រុមរ៉ាឌីកាល់បំផុតបានចាប់ ពង្រត់ពួកអ្នករក្សាសន្តិភាព អ.ស.ប នៅក្នុងតំបន់នោះ ។

កងកម្លាំង UNDOF ត្រូវបានគេដាក់ពង្រាយជាដំបូងនៅចន្លោះ ប្រទេសស៊ីរីនិងខ្ពង់រាបហ្គោឡង់ក្នុង ឆ្នាំ ១៩៧៤ ដើម្បីបំបែកកងកម្លាំងស៊ីរីនិងអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែលបានកាន់កាប់ខ្ពង់រាបហ្គោឡង់ក្នុងអំឡុងសង្គ្រាមឆ្នាំ ១៩៦៧ ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពេលថ្មីៗនេះ បានសង្កត់ធ្ងន់លើភាពចាំបាច់ ដែល ត្រូវទុកកងកម្លាំងអ៊ីស្រាអែល និងស៊ីរីឱ្យនៅដាច់ចេញពីគ្នា ដែលនិយាយយោងជាពិសេសទៅរកសន្ធិ សញ្ញាឆ្នាំ ១៩៧៤ ដែលបានបញ្ចប់ជាផ្លូវការសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ ១៩៧៣ នឹងបានរៀបចំខែ្ស បន្ទាត់បំបែកចេញពីគ្នារវាងអ៊ីស្រាអែលនិងស៊ីរី ។

យោធាបានចាប់យក Quneitra ទាំងស្រុងបន្ទាប់ពីពួកឧទ្ទាមនៅទីនោះ បានទទួលយកការជម្លៀស ទៅកាន់តំបន់ ដែលពួកឧទ្ទាមកាន់កាប់នៅក្នុងប្រទេសស៊ីរីភាគខាងជើងក្រោមកិច្ចព្រមព្រៀងគ្នាមួយ ដែល ប្រទេសរុស្ស៊ីគាំទ្រ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )