រុស្ស៊ីនិងកូរ៉េខាងត្បូងរំលឹកឡើងវិញនូវដំណោះស្រាយនយោបាយបញ្ហាឧបទ្វីបកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សែរហ្គេ ឡាវរ៉ូវ ( Sergei Lavrov ) និងសមភាគីកូរ៉េខាងត្បូង របស់លោក គឺលោកស្រី កាង ក្យុង- វ៉ា ( Kang Kyung –Wha )កាលពីថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់អះអាងឡើងវិញនូវសារសំខាន់នៃការដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ តាមរយៈមធ្យោបាយនយោបាយនិងការទូតទាំងស្រុង ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងការផ្សាយព័ត៌មានមួយថា លោក ឡាវរ៉ូវ បានជួបលោកស្រី កាង នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងសិង្ហបុរី ។ អ្នកការទូតទាំងពីរបានពិភាក្សាគ្នានូវទស្សនវិស័យ នៃការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងចំណោមប្រទេសរុស្ស៊ី , កូរ៉េខាងត្បូង និងកូរ៉េខាងជើង ។

តាមក្រសួងការបរទេសរុស្ស៊ីឱ្យដឹងថា លោក ឡាវរ៉ូវ និងលោកស្រី កាង ក៏បានពិភាក្សាគ្នាផងដែរនូវមធ្យោបាយដើម្បីពង្រឹងចំណងទាក់ទងជាក់ស្តែងរវាងក្រុងមូស្គូ និងក្រុងសេអ៊ូល ។ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍នៅ សិង្ហបុរី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )