ប្រទេសចិន និងសិង្ហបុរីសន្យាគ្នាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីសិង្ហបុរីលោកស្រី ហាលីម៉ា យ៉ាខប (Halimah Yacob) បានជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សា​រដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង​ យ៉ី នៅទីក្រុង សិង្ហបុរី កាលពីថ្ងៃ​ព្រហស្បតិ៍ ដោយសន្យាគ្នាថា នឹងធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែ​ស៊ីជម្រៅ​ថែម​ទៀត។
លោកស្រី ហាលីម៉ា យ៉ាខប បានគូសបញ្ជាក់ថា ប្រទេសសិង្ហបុរី និងចិន​មានចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកាន់តែប្រសើរឡើង​នៅក្នុងវិស័យសំខាន់ៗនានា ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កាជាច្រើន​។
លោកស្រីសង្ឃឹមថា ប្រទេសទាំងពីរអាចនឹងស្វែងរកនូវមធ្យោបាយថ្មីៗ​ក្នុងការពង្រីក​កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងការបង្កើនល្បឿន​កិច្ចចរចានានាស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។

សម្រាប់ដំណើរទស្សនកិច្ចនេះដែរ លោក វ៉ាង យ៉ី​ បាននិយាយថា ឆ្នាំនេះជាឆ្នាំប្រារព្ធខួបលើកទី៤០នៃការកែ​ទម្រង់​ និងបើកចំហ​ របស់​ប្រទេស​ចិន ក៏ដូចជាដំណើរទស្សនកិច្ចរបស់អតីតមេដឹកនាំចិន លោក តេង ស៊ីវភីង ​ទៅកាន់ប្រទេសសិង្ហបុរីនោះដែរ ដោយបន្ថែមថា ប្រទេស សិង្ហបុរីបានផ្តួចផ្តើមគំនិតក្នុងការ​ធ្វើ​កំណែ​ទម្រង់របស់ប្រទេសចិន និងការបើកចំហជាជំហានៗផ្សេងពីគ្នា។

លោក វ៉ាង បាននិយាយថា ប្រទេសបានកោតសរសើរចំពោះការពិតដែលថា ប្រទេស​សិង្ហបុរីគឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដំបូងគេ ក្នុងការគាំទ្រយ៉ាងសកម្ម​ ព្រមទាំងការឆ្លើយតបទៅនឹងការអនុវត្តខ្សែក្រវ៉ាតមួយ និងវិថីមួយដែលបានបង្កើត​ឡើងដោយ​ប្រទេសចិន​។ លោកបានសម្តែងដោយភាពជឿជាក់ថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិន និង​សិង្ហបុរី​ក្នុងការស្ថាបនា​​ខ្សែ​ក្រវ៉ាត់​មួយផ្លូវមួយរួមគ្នា ដោយមិនគ្រាន់តែបើកចំហនូវ​ទស្សន​វិស័យ​ថ្មីៗសម្រាប់កិច្ចទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់បញ្ចូលនូវកម្លាំង​រុញច្រាន​ថ្មីៗ​ចូលទៅក្នុងការអភិវឌ្ឍរបស់ប្រទេសសិង្ហបុរីផងដែរ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )